កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជួបជាមួយឯកឧត្តម Park Heong-joon អភិបាលក្រុងប៊ូសាន ដោយបានពិភាក្សាផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បើតាមការចែករំលែកពីទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។
ជំនួបពិភាក្សានេះបានរៀបចំធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលក្រុងប៊ូសាន មានប្រសាសន៍ថា កម្ពុជាជាមិត្តភក្តិជិតស្និទរបស់សាធារណរដ្ឋកូរ៉េ ហើយទីក្រុងប៊ូសានគឺស្រដៀងនឹងខេត្តព្រះសីហនុ ដែលមានកំពង់ផែសមុទ្រជាច្រកសេដ្ឋកិច្ចផ្លូវទឹករបស់ប្រទេស។ឯកឧត្តម បានបន្តថា ព្រះរាជាណាចក្រកម្ពុជា និងកូរ៉េ មានកិច្ចសហប្រតិបត្តិការច្រើនលើវិស័យផ្សេងៗ ហើយកូរ៉េក៏មានគម្រោងជំនួយអភិវឌ្ឍន៍ (ODA) ដែលអភិវឌ្ឍន៍លើវិស័យសំខាន់ៗនៅកម្ពុជាផងដែរ។
យ៉ាងណាមិញ ឯកឧត្តមក៏បានលើកឡើងនូវទស្សនៈក្នុងការបង្កើតកម្មវិធីផ្លាស់ប្តូរនិស្សិតរវាងប្រទេសទាំងពីរ និងសិក្សារៀនសូត្រពីគ្នាទៅវិញទៅមករវាងកម្ពុជា និងកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាការឆ្លើយតប លោកជំទាវឯកអគ្គរាជទូត បានលើកឡើងថា រាជធានីភ្នំពេញ និងទីក្រុងប៊ូសានជាខេត្ត-ក្រុងចងសម្ព័ន្ធមេត្រីភាព ដែលមានកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើននាក្នុងពេលកន្លងមក។ លោកជំទាវ ក៏បានស្នើឱ្យឯកឧត្តមអភិបាល គាំទ្រដល់សហគមន៍ខ្មែរដែលកំពុងសិក្សា និងបំពេញការងារនៅទីក្រុងប៊ូសាន ព្រមទាំងជួយសម្រួលដល់ប្រជាជនខ្មែរនៅពេលមានការលំបាកផងដែរ។