កូរ៉េខាងត្បូង៖ យ៉ាងហោចស្រ្តីម្នាក់ ត្រូវបានបាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀតត្រូវរងរបួសនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗក្នុងករណីគ្រោះអគ្គីភ័យនៅលើអាគារកម្ពស់ខ្ពស់មួយកន្លែងនៅក្នុងក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍នេះ បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថាករណីអគ្គីភ័យនេះបានកើតឡើងនៅជាន់ទី៧ នៃអាគារកម្ពស់២៥ជាន់មួយកន្លែងនៅក្នុងតំបន់ដុងដេមូន នៅវេលាម៉ោងប្រមាណជាង ១២:៣៤ ថ្ងៃត្រង់ ដែលបានបណ្តាលឱ្យអ្នករស់នៅជាន់ទី៧នោះម្នាក់ មានអាយុជាង ៤០ឆ្នាំបានបាត់បង់ជីវិត បើតាមការបញ្ជាក់របស់ក្រុមសមត្ថកិច្ចប៉ូលីស និងមន្ត្រីពន្លត់អគ្គីភ័យ។
ក្នុងហេតុការណ៍នោះមានអ្នកស្នាក់នៅក្នុងអាគារនោះចំនួន ៧២នាក់ ត្រូវបានជម្លៀសចេញ និងជួយសង្គ្រោះ ដែលក្នុងនោះមាន៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ដោយសារបានឈ្លក់ផ្សែងខ្លាំងពេក។
អគ្គីភ័យនេះបានឆាបឆេះអស់ជាង ២ម៉ោង ទើបសមត្ថកិច្ចអាចពន្លត់បានទាំងស្រុង ដោយប្រើប្រាស់មន្ត្រីពន្លត់អគ្គីភ័យដល់ទៅ៧២នាក់ និងរថយន្តពន្លត់អគ្គីភ័យដល់ទៅ២០គ្រឿង។ អាជ្ញាធរបានលើកឡើងថា អគ្គីភ័យអាចនឹងឆាបឆេះចេញពីបន្ទប់ទទួលភ្ញៀវនៃបន្ទប់មួយនៅជាន់ទី៧នោះ និងបានឆាបឆេះពេញបន្ទប់ និងឆេះរាលដល់បន្ទប់ដទៃទៀតនៅក្បែរនោះផងដែរ។
សម្រាប់មូលហេតុដែលបង្កឱ្យមានអគ្គីភ័យ អាជ្ញាធរមិនទាន់អាចកំណត់បាននោះទេ ហើយនឹងបន្តស៊ើបអង្កេតលើករណីនេះបន្តទៀតផងដែរ។