ក្រោមកិច្ចសហការល្អ លោកជំទាវឯកអគ្គរាជទូត អញ្ជើញទទួលការឧបត្ថម្ភនូវឧបករណ៍ធ្វើតេស្តកូវីដរហ័ស ១០០០ ឈុត ពីធនាគារឌីជីប៊ីដេហ្គូ ជូនដល់ប្រជាជនកម្ពុជា

កូរ៉េខាងត្បូង៖ ធនាគារឌីជីប៊ី ដេហ្គូ បានផ្តល់ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ តាមរយៈលោកជំទាវឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ដើម្បីជូនដល់ប្រទេសកម្ពុជាប្រើប្រាស់ នេះបើតាមព័ត៌មានចុះផ្សាយក្នុងគេហទំព័រ kbanker.co.kr របស់កូរ៉េ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។

តាមការចុះផ្សាយបានឱ្យដឹងថា ប្រធានធនាគារឌីជីប៊ីដេហ្គូ បានជួបផ្ទាល់ជាមួយលោកជំទាវឯកអគ្គរាជទូត និងបានសំណេះសំណាលគ្នាមុននឹងធ្វើការប្រគល់ឧបករណ៍ធ្វើតេស្តកូវីដរហ័សចំនួន ១០០០ ឈុត តាមរយៈលោកជំទាវទូត ដើម្បីជូនដល់ប្រជាជនកម្ពុជាដែលមានការលំបាកក្នុងការស្វែងរកទិញឧបករណ៍ធ្វើតេស្តរហ័សខណៈជំងឺកូវីដនៅតែបន្តកើតមានឡើងមិនឈប់។

សូមបញ្ជាក់ថា ធនាគារឌីជីប៊ី ដេហ្គូ បានបើកដំណើរការសាខារបស់ខ្លួនដំបូងកាលពីខែកញ្ញាឆ្នាំ២០២១កន្លងទៅ នៅប្រទេសកម្ពុជា គឺធនាគារឌីជីប៊ី ដែលមានទីតាំងនៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះបានផ្តល់ការងារជូនប្រជាជនកម្ពុជាជាង ៦០០នាក់ សម្រាប់សាខាចំនួន៩ទីតាំងដែលដំណើរការ។

លោកជំទាវឯកអគ្គរាជទូត ក្នុងឱកាសនោះ បានលើកឡើងថា សកម្មភាពមនុស្សធម៌នេះពិតជាមានអត្ថន័យណាស់ ដើម្បីចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងបញ្ហាកូវីដដែលនៅតែបន្តបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជន។ លោកជំទាវបានថ្លែងថា កម្ពុជានឹងគាំទ្រធនាគារឌីជីប៊ីក្នុងការចូលមកកាន់ទីផ្សារកម្ពុជា និងបន្តបង្កើនចំណងប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។ លោកជំទាវក៏សង្ឃឹមផងដែរ នឹងមានក្រុមហ៊ុនដទៃទៀតនៅដេហ្គូ និងក្យ៉ុងប៊ុក នឹងអាចទៅប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។

សូមបញ្ជាក់ថា ជំនួបនេះធ្វើឡើងនៅទីស្នាក់ការរបស់ធនាគារឌីជីប៊ី កាលពីថ្ងៃទី២៣ មីនា ហើយជាលទ្ធផលនៃជំនួបបន្តពីជំនួបកន្លងមករវាងភាគីទាំងពីរដែលបានធ្វើឡើងនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *