កូរ៉េខាងត្បូង៖ លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានបំពេញបេសកកម្មទៅដល់ក្យ៉ុងប៊ុក និងបានជួបពិភាក្សាការងារជាមួយតំណាងធុរជនសំខាន់ៗនៅដេហ្គូ និងក្យ៉ុងប៊ុក ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការ និងវិនិយោគមកកាន់កម្ពុជា។
ចុះផ្សាយក្នុងសារព័ត៌មានណាវើ Naver News របស់កូរ៉េ បានឱ្យដឹងថាកិច្ចជំនួបជាមួយធុរជនកូរ៉េនេះ ធ្វើឡើងនៅអាគារទីស្នាក់ការរបស់ក្រុមហ៊ុន DK Global Korea ដែលលោកជំទាវឯកអគ្គរាជទូតកម្ពុជា ជ្រឹង បុទុមរង្សី បានអញ្ជើញជួបជាមួយអគ្គលេខាធិការក្រុមហ៊ុន DK Global Korea លោក គីម ដុងហ្គុក និងតំណាងពីបណ្តាក្រុមហ៊ុនសំខាន់ៗក្នុងតំបន់ពីវិស័យសំណង់ វេជ្ជសាស្រ្ត និងគ្រឿងសំអាងក៏បានចូលរួមផងដែរ។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានលើកឡើងអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលទើបនឹងប្រកាសដាក់ឱ្យប្រើប្រាស់ថ្មីៗនេះ ដែលច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម និងវិនិយោគបរទេសមកកាន់កម្ពុជា ជាមួយនឹងការផ្តល់ជូននូវអត្ថប្រយោជន៍ ដំណើរការវិនិយោគកាន់តែប្រសើរជាងមុន។ ក្នុងនោះដែរ រួមមានដូចជាការលើកទឹកចិត្តពិសេស ក្នុងការវិនិយោគវិស័យអាទិភាពនានាដូចជាវិស័យ SMEs និងការចុះឈ្មោះអាជីវកម្មអនឡាញផងដែរ។
លោកជំទាវក៏បានគូសបញ្ជាក់ពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងការវិនិយោគ និងការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបរបស់ក្រុមហ៊ុននានានៅក្នុងតំបន់នេះ មកកាន់ប្រទេសកម្ពុជា ដែលសំបូរទៅដោយធនធានពលកម្ម និងទីផ្សារសំខាន់សម្រាប់ក្រុមហ៊ុនរបស់កូរ៉េ។
លោក គីម ដុងហ្គុក បានលើកឡើងផងដែរថា លោកសង្ឃឹមថាកិច្ចប្រជុំនេះនឹងអាចបង្កើនឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េនាពេលអនាគត ដែលកន្លងមកត្រូវបានប៉ះពាល់ពីឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩។

នាថ្ងៃទី២៣នោះដដែល លោកជំទាវឯកអគ្គរាជទូតក៏បានបំពេញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនហិរញ្ញវត្ថុប៉ាល់ហ្គុងក្រេឌីត (팔공신협) ដើម្បីស្វែងយល់ពីដំណើរការ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដ៏ធំនេះ។
ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរាជទូតបានលើកឡើងថា លោកជំទាវមានគោលបំណងចង់ពាំនាំយកបទពិសោធន៍ល្អៗ ដូចជាប្រវត្តិ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រេឌីតប៉ាល់ហ្គុងនេះ ដែលជាសម្ព័ន្ធក្រេឌីតហិរញ្ញវត្ថុធំជាងគេទី៤នៅលើពិភពលោក ដើម្បីយកទៅចែករំលែកជូនភាគីពាក់ព័ន្ធនៅកម្ពុជា។
តំណាងក្រុមហ៊ុនប៉ាល់ហ្គុងក្រេឌីតវិញបានឆ្លើយតបជាវិជ្ជមាន និងគូសបញ្ជាក់ថាពីក្តីសង្ឃឹមថា ប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុនេះនឹងអាចជាប្រយោជន៍ដ៏សំខាន់សម្រាប់ការអនុវត្តនៅកម្ពុជា។ លោកបានបន្តទៀតថា កម្ពុជាមានសក្តានុពលលូតលាស់ធំធេងណាស់ ជាពិសេសក្នុងប្រតិបត្តិការវិស័យហិរញ្ញវត្ថុនេះ ដោយសារតែអត្រានៃការផ្តល់សេវាកម្មហិរញ្ញវត្ថុនៅមានកម្រិតទាបនៅឡើយក្នុងចំណោមប្រជាជនទាំងអស់៊ ហើយបច្ចេកវិទ្យាអភិវឌ្ឍន៍ចុងក្រោយដូចជា បច្ចេកវិទ្យា FinTech ជាដើមក៏នឹងអាចវាយលុកទីផ្សារកម្ពុជាបានផងដែរ ដែលជាទីផ្សារវ័យក្មេង សំបូរដោយយុវជនវ័យក្មេងដែលជាអ្នកប្រើប្រាស់បច្ចេកវិទ្យាច្រើនក្នុងជីវភាពប្រចាំថ្ងៃ។
