កាន់តែក្តៅគគុកហើយ! ១៦ថ្ងៃហើយ ប្រធានាធិបតីក្នុងអាណត្តិ និងជាប់ឆ្នោតថ្មីកូរ៉េខាងត្បូង មិនអាចកំណត់ពេលជួបគ្នាបាន ដោយសារបញ្ហាទទាំងទទើសធំៗ ៣ នេះ

កូរ៉េខាងត្បូង៖ ប្រមាណជាង២សប្តាហ៍មកហើយ ក្រោយពីប្រធានាធិបតីជាប់ថ្មីរបស់កូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) ត្រូវបានរកឃើញ តែយ៉ាងណាចំណុចក្តៅថ្មីមួយទៀត គឺការបរាជ័យក្នុងការរៀបចំកិច្ចជំនួបពិភាក្សារវាងប្រធានាធិបតីបច្ចុប្បន្ន លោក មូន ជេអ៊ីន និងប្រធានាធិបតីថ្មី ដែលជាអ្នកស្នងតំណែងដោយសារតែមានបញ្ហាមិនត្រូវគ្នាជាច្រើនរវាងប្រធានាធិបតីទាំងពីរ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានស្នើសុំឱ្យមានជំនួបពិភាក្សាជាមួយប្រធានាធិបតីទើបជាប់ឆ្នោតថ្មី លោក យូន ស៊ុកយ៉ុល (Yoon Suk-yeol) ដោយមិនមានបុរេលក្ខខណ្ឌអ្វីទាំងអស់ ហើយលោកប្រធានាធិបតីនៅក្នុងអាណត្តិ លោក មូន ជេអ៊ីន បានលើកឡើងថា លោក យូន គួរតែសម្រេចចិត្តលើការរៀបចំជំនួបនេះដោយខ្លួនឯង ដោយមិនចាំបាច់ស្តាប់មតិយោបល់ពីមនុស្សជំនិតរបស់ខ្លួនឡើយ ដោយសារតែការពិភាក្សាកម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញទាំងពីរ ជាកត្តានាំឱ្យការរៀបចំជំនួបនេះមិនជោគជ័យ។

ជាការឆ្លើយតបវិញ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីថ្មី បានលើកឡើងវិញថា ការលើកឡើងបែបនេះរបស់លោក មូន ជេអ៊ីន គឺពិតជាគួរឱ្យសោកស្តាយណាស់ ដែលលោកមូន បានសន្មតថា លោកប្រធានាធិបតីថ្មី មិនអាចសម្រេចចិត្តដោយខ្លួនឯងបាន ហើយអ្នកនាំពាក្យក៏បានបញ្ជាក់ថា លោកប្រធានាធិបតី មូន ជេអ៊ីន កំពុងមានការយល់ឃើញខុសពីកិច្ចប្រជុំនេះហើយ និងតួនាទីរបស់គាត់ក្នុងនាមជាប្រធានាធិបតីត្រៀមចុះចេញពីអាណត្តិផងដែរ។

ការផ្តាស់ប្តុរពាក្យសំដីបែបនេះ បានបង្កឱ្យគេឃើញកាន់តែច្បាស់ពីភាពមិនចុះសម្រុងគ្នាកាន់តែស្រួចស្រាវរវាងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូងទាំងពីររូបនេះ ដែលម្នាក់កំពុងកាន់អំណាច និងម្នាក់ទៀតនឹងឡើងបន្តតំណែងក្នុងរយៈពេល២ខែខាងមុខ។

គេឃើញថាបញ្ហាធំៗដែលជាឧបសគ្គរវាងប្រធានាធិបតីទាំងពីររូប ដែលបានឈានដល់ការបង្អាក់ជំនួបនេះ មានដូចជាបញ្ហាទាក់ទងការតែងតាំងតំណែងសំខាន់ៗក្នុងរដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលថ្មីត្រៀមនឹងឡើង តែរដ្ឋាភិបាលបច្ចុប្បន្ននៅតែមានសិទ្ធិក្នុងការតែងតាំងមន្ត្រីជាន់ខ្ពស់ក្នុងមុខតំណែងនានា និងបញ្ហាផ្សេងទៀតដូចជាការលើកលែងទោសទណ្ឌសម្រាប់អតីតប្រធានាធិបតី លី ម្យ៉ុងបាក់ និងបញ្ហានៃការរុះរើសទីតាំងវិមានប្រធានាធិបតីពីទីតាំងសព្វថ្ងៃ ទៅកាន់អាគាររួមគ្នាជាមួយក្រសួងការពារជាតិផងដែរ។

ជាក់ស្តែង បញ្ហាដែលក្តៅជាងគេចុងក្រោយនេះ គឺស្ថិតនៅជុំវិញអំណាចក្នុងការតែងតាំងប្រធានធនាគារកណ្តាលកូរ៉េខាងត្បូងថ្មី ដែលទើបនឹងចប់អាណត្តិ ហើយត្រូវដល់ពេលជ្រើសរើសប្រធានថ្មី។ ក្នុងករណីនេះ លោកប្រធានាធិបតីបច្ចុប្បន្ន មូន ជេអ៊ីន បានតែងតាំងសមាសភាពលោក រី ឆាងយ៉ុង (Rhee Chang-yong) ជាប្រធានធនាគារជាតិថ្មី ហើយបានបញ្ជាក់ថាសមាសភាពតែងតាំងនេះ គឺបានប្រឹក្សាគ្នារួចរាល់ជាមួយរដ្ឋាភិបាលថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតផងដែរ។ យ៉ាងណាមិញ ក្រោយពីការតែងតាំងភ្លាម ក្រុមការងាររបស់ប្រធានាធិបតីថ្មី បានចេញមកបដិសេធថា ការតែងតាំងនេះ មិនមានការឯកភាព និងផ្លាស់ប្តូរយោបល់ជាមួយតំណាងប្រធានាធិបតីថ្មីនោះទេ បើទោះជាសមាសភាពប្រធានធនាគារជាតិថ្មីនេះ នឹងត្រូវធ្វើការផ្ទាល់ជាមួយប្រធានាធិបតីថ្មី នៅពេលខាងមុខក៏ដោយ។

បញ្ហាមួយទៀតនោះគឺ ការប្រឆាំងរបស់រដ្ឋាភិបាលបច្ចុប្បន្នទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី ក្នុងការរុះរើសអាគារធ្វើការប្រធានាធិបតី ទៅកាន់ទីតាំងក្រសួងការពារជាតិ ដោយសារតែទីតាំងវិមានប្រធានាធិបតីបច្ចុប្បន្ន ត្រូវបានគេរិះគន់ថាជាកន្លែងតំណាងឱ្យអំណាចស្តេច និងស្ថិតនៅឆ្ងាយពីប្រជាជន។ ការប្រឆាំងនេះអាចនឹងប៉ះពាល់ដល់ផែនការក្នុងការរុះរើសឱ្យទាន់ពេលប្រធានាធិបតីថ្មីចូលកាន់តែតំណែង ដោយសារតែក្នុងការរុះរើសនេះ ត្រូវការកញ្ចប់ថវិការាប់ពាន់លានវ៉ុនពីរដ្ឋាភិបាលបច្ចុប្បន្នដើម្បីអនុវត្តបាន។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ ប្រធានាធិបតីកូរ៉េបច្ចុប្បន្ន និងជាប់ឆ្នោតថ្មី នៅមិនទាន់បានជួបគ្នានៅឡើយមានរយៈពេល១៦ថ្ងៃហើយ តាំងពីថ្ងៃដែលប្រកាសជាប់ឆ្នោតជាផ្លូវការ ហើយក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង រយៈពេលយូរបំផុតដែលប្រធានាធិបតីក្នុងអាណត្តិ ជួបគ្នាលើកដំបូងជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី មានរយៈពេល១៨ថ្ងៃ។ ដូចនេះ ថ្នាក់ដឹកនាំទាំងពីរនេះអាចនឹងបង្កើតកំណត់ត្រាថ្មី នៃការជាប់គាំងមិនអាចជួបគ្នាបានរវាងប្រធានាធិបតីក្នុងអាណត្តិ និងជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង។

 

Leave a Reply

Your email address will not be published. Required fields are marked *