កូរ៉េខាងត្បូង៖ របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា អត្រានៃការជក់បារីរបស់ប្រជាជនកូរ៉េខាងត្បូងដែលមានអាយុចាប់ពី ១៩ ឆ្នាំឡើងទៅបានធ្លាក់ចុះក្រោម ២០% ជាលើកដំបូងក្នុងឆ្នាំ២០២០ ចំពេលមានការកើនឡើងនៃការយល់ដឹងជាសាធារណៈអំពីសុខភាព និងការជំរុញការប្រឆាំងនឹងការជក់បារីរបស់រដ្ឋាភិបាល។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា អត្រានៃការជក់បារីរបស់មនុស្សពេញវ័យជនជាតិកូរ៉េបានឈានដល់កម្រិតទាបបំផុតត្រឹមតែ ១៩.២% ភាគរយក្នុងឆ្នាំ២០២០ ធ្លាក់ចុះ ១% ពីចំនួន ២០.២% កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ស្ថិតិកូរ៉េ។ ក្នុងនោះអត្រានៃការជក់បារីជារួមបានធ្លាក់ចុះ ៧.៧% ពី ២៦.៩% ក្នុងឆ្នាំ២០១០។ តួលេខនេះសំដៅដល់អ្នកដែលបានប្រើប្រាស់បារីលើសពីប្រាំកញ្ចប់ពេញមួយជីវិតរបស់ពួកគេ ហើយបច្ចុប្បន្នកំពុងជក់បារី។
នៅឆ្នាំ២០២០ អត្រានៃការជក់បារីក្នុងចំណោមបុរសជនជាតិកូរ៉េដែលមានអាយុចាប់ពី១៩ ឆ្នាំឡើងទៅបានឈានដល់កម្រិតទាបបំផុតគឺ ៣៣% ធ្លាក់ចុះពី ៣៤.៧% កាលពីឆ្នាំមុន។ សម្រាប់ស្ត្រីកូរ៉េវិញ ដែលមានអាយុចាប់ពី ១៩ឆ្នាំឡើង បានធ្លាក់ចុះមកនៅត្រឹម ៥.៥% បានធ្លាក់ចុះពីអត្រា ៥.៩% ក្នុងឆ្នាំ២០១៩។
អត្រានៃការជក់បារីរបស់ប្រទេសនេះបានធ្លាក់ចុះចាប់តាំងពីរដ្ឋាភិបាលបានដំឡើងតម្លៃបារី ៨០% ក្នុងខែមករា ឆ្នាំ២០១៥ ដល់ ៤,៥០០វ៉ុន (ប្រមាណ ៣.៧ ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ពីតម្លៃកាលមុនត្រឹម ២,៥០០ វ៉ុន។
របាយការណ៍ក៏បានបង្ហាញពីអត្រានៃការប្រើប្រាស់គ្រឿងស្រវឹងដោយមនុស្សពេញវ័យជនជាតិកូរ៉េបានធ្លាក់ចុះមកនៅត្រឹម ៥៥.២% ក្នុងឆ្នាំ២០២០ ពី ៥៧.៧%កាលពីឆ្នាំមុន។ វាបានធ្លាក់ចុះពី ៥៩.៣% ក្នុងឆ្នាំ២០១០។
អត្រាដែលត្រូវគ្នាសម្រាប់បុរសជនជាតិកូរ៉េដែលមានអាយុចាប់ពី១៩ ឆ្នាំ ឡើងទៅ មានត្រឹម ៦៨.៧% ក្នុងរយៈពេលដែលបានលើកឡើង គឺធ្លាក់ចុះពី ៧២.៤% ក្នុងឆ្នាំ 2019 ។
ប៉ុន្តែអត្រានៃការផឹកស្រាខ្លាំងបានកើនឡើងដល់ ១៣.១% ក្នុងឆ្នាំ២០២០ ពី ១២.១% កាលពីឆ្នាំមុន។
តួលេខនេះវាស់ស្ទង់អត្រាអ្នកផឹកគ្រឿងស្រវឹងច្រើនជាងពីរដងក្នុងមួយសប្តាហ៍ ហើយផឹកស្រាច្រើនជាងប្រាំពីរកែវជាមធ្យមសម្រាប់បុរស និងប្រាំនាក់សម្រាប់ស្ត្រី។