កូរ៉េខាងត្បូង៖ ទីភ្នាក់ងារអាកាសធាតុជាតិបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងរហូតដល់កម្ពស់ ២៥០ មិល្លីម៉ែត្រ រួមជាមួយនឹងខ្យល់បក់ខ្លាំង ត្រូវបានគេព្យាករណ៍ថានឹងបោកបក់មកលើកោះជេជូ ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រ និងដើមថ្ងៃសៅរ៍នេះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា រដ្ឋបាលឧតុនិយមកូរ៉េបានប្រកាសថា គេរំពឹងថានឹងមានភ្លៀងធ្លាក់តិចតួចទូទាំងប្រទេសកូរ៉េ ដោយចាប់ផ្តើមពីល្ងាចថ្ងៃសុក្រនៅភាគខាងលិចប្រទេស និងផ្លាស់ទីទៅខាងកើតនៅដើមថ្ងៃសៅរ៍ ក្រោមឥទ្ធិពលនៃខ្យល់បក់ភាគនិរតី ដែលបណ្តាលមកពីសម្ពាធបរិយាកាសទាប។
កោះជេជូទំនងជាទទួលបានទឹកភ្លៀងរហូតដល់កម្ពស់ ១២០ មីលីម៉ែត្រពាសពេញកោះ និងរហូតដល់កម្ពស់ ២៥០ មីលីម៉ែត្រនៅតំបន់ភ្នំនៅលើកោះជេជូ ខណៈដែលភ្លៀងធ្លាក់លើសពី ៨០មីលីម៉ែត្រត្រូវបានគេរំពឹងទុក ថានឹងធ្លាក់បង្អុលនៅតាមតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេស។
ទីភ្នាក់ងារនេះបាននិយាយថា អាជ្ញាធរមូលដ្ឋាននៃតំបន់ទាំងពីរអាចនឹងចេញសេចក្តីជូនដំណឹងព្រមានពីភ្លៀងធ្លាក់ខ្លាំងនេះ។ តំបន់សំខាន់ៗផ្សេងទៀត រួមទាំងតំបន់សេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ និងតំបន់ភាគនិរតីប្រទេស ក៏នឹងមានភ្លៀងធ្លាក់ក្នុងចន្លោះពី២០ មីលីម៉ែត្រ ទៅ ៧០ មីលីម៉ែត្រ ខណៈដែលភ្លៀងធ្លាក់តិចជាង ៥០ មីលីម៉ែត្រ ត្រូវបានព្យាករណ៍សម្រាប់តំបន់ហ្គាងវ៉ុន ភាគខាងកើត និងតំបន់ភាគកណ្តាលប្រទេស។
ក្នុងអំឡុងពេលនេះ តំបន់កោះជេជូ និងតំបន់ឆ្នេរភាគខាងត្បូងក៏ត្រូវបានគេព្យាករណ៍ថានឹងមានខ្យល់បក់ខ្លាំងជាង២៥ ម៉ែត្រក្នុងមួយវិនាទី ខណៈដែលខ្យល់ក្នុងចន្លោះពី ២០មែ៉ត្រក្នុងមួយវិនាទី និង២៥មែ៉ត្រក្នុងមួយវិនាទី ត្រូវបានព្យាករណ៍សម្រាប់ផ្នែកខ្លះនៃឆ្នេរសមុទ្រភាគខាងកើត និងខាងលិចប្រទេសផងដែរ។