ក្រោយកូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចបាលីស្ទីកម្សិលមិញភ្លាម មានការលើកក្តីបារម្ភថាមិនយូរមិនឆាប់ទេ កូរ៉េខាងជើងនឹងអាចសាកល្បងបាញ់គ្រាប់នុយក្លេអ៊ែរជាថ្មី ដោយសារតែ …

កូរ៉េខាងត្បូង៖ ក្រោយពីកូរ៉េខាងជើង បានបាញ់បង្ហោះសាកល្បងកាំជ្រួចបាលីស្ទីកអន្តរទ្វីបម្សិលមិញនេះហើយ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាកូរ៉េខាងជើងនឹងអាចឈានដល់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនាពេលខាងមុខនេះ បើតាមព្រឹត្តិការណ៍ដែលវិវត្តចុងក្រោយបង្អស់នេះ។

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានចុះផ្សាយអត្ថបទពិសេសមួយលើកឡើងពីក្តីបារម្ភក្នុងចំណោមសាធារណជនកូរ៉េខាងត្បូង ថាការវិវត្តនៃការបាញ់សាកល្បងក្បាលគ្រាប់កាំជ្រួចបាលីស្ទីកអន្តរទ្វីបនេះ ជាលក្ខខណ្ឌនៃការខិតទៅរកការបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរនាពេលខាងមុខមិនខាន ដែលនេះគឺជា«បន្ទាត់ក្រហម» ដាច់ខាតរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក រដ្ឋាភិបាលកូរ៉េខាងជើងបានបាញ់បង្ហោះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរដល់ទៅ៦ដង ដែលគេបានដឹង ក្នុងនោះចុងក្រោយគេកាលពីខែកញ្ញា ឆ្នាំ២០១៧ នៅនឹងទីតាំងបាញ់បង្ហោះ ពុងយ៉េរី (Punggye-ri) ដែលស្ថិតនៅភាគខាងជើង ឈៀងខាងកើត ជាតំបន់ភ្នំនៃប្រទេសកូរ៉េខាងជើង។

យ៉ាងណាមិញ ទីតាំងបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយគេនះ កាលពីឆ្នាំ២០១៨ ត្រូវបានរដ្ឋាភិបាលកូរ៉េខាងជើងធ្វើការបំផ្ទុះចោលទៅហើយ ជាមួយនឹងការសន្យាថានឹងផ្អាកសកម្មនានាពាក់ព័ន្ធការបង្កើតអាវុធនុយក្លេអ៊ែរ ដែលកាលនោះជាសញ្ញាវិជ្ជមាននៃដំណើរការចរចាជាមួយអាម៉េរិក។

នៅពេលដែលកូរ៉េខាងជើងបំផ្លាញទីតាំងតេស្តអាវុធនុយក្លេអ៊ែរនោះ ថែមទាំងបានអញ្ជើញបណ្តាអ្នកសារព័ត៌មានបរទេសដើម្បីទៅធ្វើជាសាក្សីផងដែរ តែយ៉ាងណាមិញការបិទទីតាំងនោះជាអចិន្ត្រៃយ៍ និងផ្លូវការនោះមិនមានប្រភពណាអាចបញ្ជាក់បានទេមកដល់សព្វថ្ងៃនេះ។

ថ្មីៗនេះ ក៏មានការសង្ស័យ និងលើកឡើងថា កូរ៉េខាងជើងអាចនឹងកំពុងតែជួសជុល ឬសាងសង់ទីតាំងនេះជាថ្មី ដើម្បីអាចមានសមត្ថភាពធ្វើតេស្តអាវុធនុយក្លេអ៊ែរបាន។ មតិមួយទៀតលើកឡើងថា កូរ៉េខាងជើងអាចនឹងបានសាងសង់ទីតាំងសាកល្បងអាវុធនុយក្លែអ៊ែរថ្មីមួយទៀត ដែលមិនទាន់មាននរណាគេបានដឹង។

បញ្ហាប្រឈមក្នុងការវិវត្តនេះ គឺកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកសុទ្ធតែមិនមានវិធានការណាមួយ ដែលជាក់ស្តែងអាចយកទៅប្រើប្រាស់ទប់ស្កាត់កូរ៉េខាងជើង​មិនឱ្យធ្វើតេស្តអាវុធនុយក្លេអ៊ែរនេះបាន ក្រៅតែពីការស្នើទទូចឱ្យកូរ៉េខាងជើងបន្ថយសកម្មភាព និងចូលមកតុចរចា។

 

Leave a Reply

Your email address will not be published. Required fields are marked *