ចម្ងល់ថ្មី! តើសត្វឆ្កែនិមិត្តរូប២ក្បាល ដែលមេដឹកនាំកូរ៉េខាងជើង ប្រគល់ជូនលោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េបច្ចុប្បន្ន អាចទៅរស់នៅបន្តជាមួយលោក ក្រោយចប់អាណត្តិឬយ៉ាងណា?

កូរ៉េខាងត្បូង៖ អនាគតរបស់សត្វឆ្កែពិសេស២ក្បាលរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន មូន ជេអ៊ីន កំពុងស្ថិតក្នុងមន្ទិលសង្ស័យ និងត្រូវបានសាធារណជនកូរ៉េខាងត្បូងចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលអាណត្តិប្រធានាធិបតីកូរ៉េខាងត្បូងរបស់លោក នឹងត្រូវបញ្ចប់ឆាប់ៗខាងមុខនេះ

ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា ប្រធានបទពិភាក្សាដ៏ចាប់អារម្មណ៍ថ្មីមួយនាប៉ុន្មានថ្ងៃនេះ គឺពាក់ព័ន្ធទៅនឹងអនាគតរបស់សត្វឆ្កែ២ក្បាល មួយឈ្មោលឈ្មោះសុងកាង និងមួយទៀតញីឈ្មោះ ហ្គូមី ដែលសត្វទាំង២នេះ កន្លងមកត្រូវបានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រគល់ជូនប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ជាកាដូនិមិត្តរូបសន្តិភាពពិសេសនៃទំនាក់ទំនងប្រទេសទាំងពីរ កាលពីជំនួបថ្នាក់ដឹកនាំទាំងពីរ ខែកញ្ញា ឆ្នាំ២០១៨។

យ៉ាងណាមិញ សំនួរចាប់ផ្តើមចោទសួរថា តើនៅពេលលោក មូន ជេអ៊ីន បញ្ចប់អាណត្តិជាប្រធានាធិបតី សត្វទាំង២នេះនឹងអាចទៅរស់នៅជាមួយលោក ដែលជាម្ចាស់ចិញ្ចឹមផ្ទាល់រហូតមក បន្តបានទៀតឬយ៉ាងណា។

បើតាមមន្ត្រីរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន សត្វឆ្កែទាំងពីរនេះ មិនអាចទៅរស់នៅផ្ទាល់ជាមួយលោក មូន ជេអ៊ីន នៅពេលលោកបញ្ចប់អាណត្តិបាននោះទេ ដោយសារតែសត្វទាំង២នេះ ជាកាដូជូនលោកក្នុងនាមជាប្រមុខរដ្ឋ ជាប្រធានាធិបតី មិនមែនក្នុងនាមបុគ្គលលោកផ្ទាល់នោះទេ។ ដូចនេះជាគោលការណ៍ សត្វនេះនឹងត្រូវប្រគល់ជូនប្រធានាធិបតីបន្ទាប់ជាអ្នកចិញ្ចឹមបន្ត ឬត្រូវបានផ្តល់ជូនទៅស្ថាប័នរដ្ឋណាផ្សេង។

សម្រាប់លោក មូន ជេអ៊ីនផ្ទាល់ គ្រោងនឹងទៅរស់នៅខេត្តក្យ៉ុងណាម ក្រោយពីលោកនឹងបញ្ចប់អាណត្តិប្រធានាធិបតីរបស់ខ្លួនក្នុងខែឧសភាខាងមុខនេះ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងវាសនារបស់សត្វឆ្កែនេះ គេនៅមិនទាន់ដឹងនោះទេ ដោយសារប្រធានាធិបតីដែលជាប់ឆ្នោតថ្មី លោក យូន សុកយ៉ុល ក៏ជាម្ចាស់សត្វចិញ្ចឹមមានឆ្កែ ៤ក្បាល និងឆ្មា៣ក្បាល រួចទៅហើយ។

លើបញ្ហានេះ លោកប្រធានាធិបតីជាប់ឆ្នោតថ្មី បានលើកឡើងក្រៅផ្លូវការដែរថា សត្វឆ្កែនេះគួរប្រគល់ឱ្យទៅម្ចាស់របស់វាដែលតែងតែចិញ្ចឹមកន្លងមក តែបើក្នុងករណីដែលលោកត្រូវទទួលចិញ្ចឹមបន្តនោះ លោកនឹងថែទាំវាឱ្យបានល្អ។

 

Leave a Reply

Your email address will not be published. Required fields are marked *