កូរ៉េខាងត្បូង៖ ថ្នាំលេបព្យាបាលជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Merck & Co. (MSD) បានទទួលអាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់ សម្រាប់ការព្យបាលជំអឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរឱសថកូរ៉េខាងត្បូងកាលពីថ្ងៃទី២៣ ខែមីនានេះ។
ចុះផ្សាយក្នុងសារព័ត៌មានយ៉ុនហាប់កូរ៉េ បានឱ្យដឹងថា ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដដែលមានឈ្មោះថា ឡាហ្គេរីអូ (Lagevrio) របស់ក្រុមហ៊ុនវេជ្ជសាស្រ្តអាម៉េរិក Merck & Co. (MSD) ត្រូវបានទីភ្នាក់ងារសុវត្ថិភាពឱសថកូរ៉េខាងត្បូង ប្រកាសផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ជាប្រភេទថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ទីពីរហើយ បន្ទាប់ពីថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer ដែលទទួលបានអាជ្ញាប័ណ្ណប្រើប្រាស់នេះ។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ឡាហ្គេរីអូ (Lagevrio) នេះជាថ្នាំព្យាបាលសម្រាប់អ្នកជំងឺកូវីដ ដែលមានអាការៈស្រាល ទៅមធ្យម ដើម្បីកាត់បន្ថយអាត្រាដែលអាចវិវត្តឈានដល់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយសារជំងឺកូវីដ។
ក្រសួងជំនាញបានបញ្ជាក់ថាខ្លួនបានបង្កើតក្រុមការងារជំនាញដែលមានសមាសភាពក្រសួងជំនាញផង និងសមាសភាពអ្នកជំនាញពីភាគីដទៃផង ដើម្បីពិនិត្យលើការអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំព្យាបាលកូវីដនេះ និងបានធ្វើការសន្និដ្ឋានថាថ្នាំគ្រាប់ព្យាបាលកូវីដនេះ មានតម្រូវការក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពសាធារណៈនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកូរ៉េខាងត្បូងកំពុងជាប់ប្រទះបច្ចុប្បន្ននេះ។
ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ ឡាហ្គេរីអូ (Lagevrio) នេះនឹងត្រូវចេញជូនអ្នកជំងឺកូវីដដែលមិនអាចផឹកថ្នាំគ្រាប់ព្យាបាលកូវីដ ប៉ាកឡូវីដ (Paxlovid) របស់ក្រុមហ៊ុន Pfizer បាន ហើយថ្នាំ ឡាហ្គេរីអូ (Lagevrio) នេះនឹងមិនអាចផ្តល់ជូនស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺអាយុក្រោម១៨ឆ្នាំនោះទេ។
បើតាមការបញ្ជាក់របស់ក្រសួងជំនាញ អាការៈផលប៉ះពាល់មួយចំនួនបណ្តាលមកពីថ្នាំនេះ អាចមានក្នុងអំឡុងពេល ឬក្នុងរយៈពេល១៤ថ្ងៃ ក្រោយពីផឹកថ្នាំនេះចុងក្រោយ ដែលអាការៈអាចមានដូចជា រាគរូស ក្អួចង្អោល វិលមុខ ឈឺក្បាល ដែលអាចមានកម្រិតស្រាល ទៅមធ្យម។
ថ្នាំគ្រាប់នេះនឹងត្រូវផ្តល់ជូនអ្នកជំងឺនៅពេលដែលរកឃើញថាមានវិជ្ជមានកូវីដ-១៩ភ្លាម និងក្នុងអំឡុងពេល៥ថ្ងៃនៃការចាប់ផ្តើមលេចចេញរោគសញ្ញា។ ថ្នាំនេះនឹងត្រូវចេញជូន ២ដងក្នុងមួយថ្ងៃ ក្នុងចន្លោះគម្លាតគ្នា១២ម៉ោង និងត្រូវផឹករយៈពេល៥ថ្ងៃជាប់គ្នា។
បើតាមការបញ្ជាក់របស់អាជ្ញាធរជំនាញ ថ្នាំថ្មីនេះនឹងត្រូវផ្តល់ជូនដល់អ្នកជំងឺកូវីដចំនួន ២ម៉ឺននាក់សិន នៅពេលដែលថ្នាំនេះត្រូវដឹកបញ្ជូនដល់មន្ទីរពេទ្យនៅថ្ងៃសៅរ៍ខាងមុខនេះ។