លោកជំទាវទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង អញ្ជើញទស្សនកិច្ចទៅទីក្រុងស៊ូវ៉ុន​ ជួបពិភាក្សាការងារនឹងថ្នាកដឹកនាំ ពីកិច្ចសហប្រតិបត្តិការ និងការរៀបចំពិធីចូលឆ្នាំខ្មែរនៅស៊ូវ៉ុន

កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបលោក Cho Jungsik អភិបាលស្ដីទីនៃទីក្រុងស៊ូវ៉ុន នៅអគាររដ្ឋបាលក្រុងស៊ូវ៉ុន ដើម្បីពិភាក្សាពីចំណងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងទីក្រុងសៀមរាប និងក្រុងស៊ូវ៉ុន។​

ជំនួបនេះបានរៀបចំឡើងកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ហើយក្នុងឱកាសនោះ លោក Cho Jungsik បានលើកឡើងពីចំណងមិត្តភាពទីក្រុង ដែលបងប្អូនរវាងខេត្តសៀមរាប និងក្រុងស៊ូវ៉ុន មានចំណងមិត្តភាពតាំងពីឆ្នាំ២០០៤ ដែលបង្កើតបានជាភូមិស៊ូវ៉ុន នៅស្រុកភ្នំក្រាម ខេត្តសៀមរាប មកទល់ពេលបច្ចុប្បន្ន។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរាជទូត បានសន្យា នឹងជំរុញបន្ថែមឱ្យកាន់តែល្អ និងសកម្មជាងមុន នៃចំណងមិត្តភាពនេះ។ ភ្ជាប់ជាមួយគ្នានោះដែរ លោក Cho Jungsik ក៏បានបង្ហាញអំពីការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ១៩ នៅតំបន់ស៊ូវ៉ុន ដែលមួយថ្ងៃឆ្លងប្រហែល២៣០០នាក់ ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរាជទូត ក៏បានបង្ហាញអំពីការគ្រប់គ្រងតួលេខអ្នកឆ្លងបានយ៉ាងល្អនៅកម្ពុជា ទើបធ្វើឱ្យតួលេខអ្នកឆ្លងនៅកម្ពុជា មានតែត្រឹម ៤០០ ទៅ៥០០នាក់ តែប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធៀបនិងប្រទេសជិតខាង គឺកម្ពុជាមានចំនួនឆ្លងតិច ហើយចំពោះទេសចរណ៍ចូលក្នុងប្រទេសកម្ពុជានៅពេលថ្មីៗនេះ គឺមិនតម្រូវឱ្យមាន PCR Test នោះទេ។

ដោយទីក្រុងស៊ូវ៉ុន ជាតំបន់ដែលសហគមន៍ខ្មែរមានការពេញនិយម ស្ថានទូតកម្ពុជា មានបំណងប្រារព្វពិធីចូលឆ្នាំថ្មី ឆ្នាំខ្មែរ នៅទីតាំងណាមួយនៃទីក្រុងនេះ ដោយមានការប្រគុំតន្ត្រីពីសិល្បះករខ្មែរ និងកូរ៉េ។ ជាការឆ្លើយតបលោក Cho Jungsik បានស្នើសុំកម្មវិធី ដើម្បីត្រៀមក្រុមការងារជួយសម្របសម្រួល។

Leave a Reply

Your email address will not be published. Required fields are marked *