កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បតិ៍នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្តីប្រកាសជូនដំណឹងជាភាសាអង់គ្លេសមួយ អំពីសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលកម្ពុជាស្តីពីវិធានការតម្រូវកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជា។
យោងតាមការជូនព័ត៌មាននេះ មាន ៦ ចំណុចធំៗ ដែលស្ថានទូតកម្ពុជាបានបញ្ជាក់ជូនភ្ញៀវអន្តរជាតិឱ្យបានជ្រាប អំពីវិធានការដែលគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេច សម្រាប់អ្នកធ្វើដំណើរចូលមកប្រទេសកម្ពុជា រួមមាន៖
១. លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកធ្វើដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា ២. លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា ៣. អនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ៤. ជំរុញលើកទឹកចិត្តឱ្យអ្នកដំណើរទាំងអស់ ធ្វើតេស្តរហ័សដោយខ្លួនឯង ៥. ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា និង ៦. អ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមទីតាំងកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច។