ប្រភពជំនាញកូរ៉េខាងត្បូង និងអាម៉េរិក បង្ហើបថាកូរ៉េខាងជើងកំពុងតែត្រៀមបាញ់បង្ហាះតេស្តតកាំជ្រួចបាលីស្ទីកអន្តរទ្វីបថ្មីមួយទៀតឆាប់ៗនេះ

កូរ៉េខាងត្បូង៖ អ្នកជំនាញកូរ៉េខាងត្បូង និងអាម៉េរិកបានកំណត់រកឃើញមុខសញ្ញាថ្មីទៀតហើយ ថាកូរ៉េខាងជើងកំពុងរៀបចំតេស្តកាំជ្រួចបាលីស្ទីកអន្តរទ្វីបថ្មីមួយទៀតហើយនៅដើមសប្តាហ៍នេះ បើតាមប្រភពជំនាញមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងនៅថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ប្រភពព័ត៌មាននេះត្រូវបានគេរកឃើញក្រោយពីក្រុងសេអ៊ូល និងវ៉ាស៊ីងតោន កាលពីថ្ងៃសុក្រកន្លងទៅនេះបានធ្វើការចោទប្រកាន់កូរ៉េខាងជើងថាបានរៀបចំតេស្តប្រព័ន្ធកាំជ្រួចបាលីស្ទីកអន្តរទ្វីប កាលពីថ្ងៃទី២៧ ខែកុម្ភៈ និងពីថ្ងៃទី៥ ខែមីនាកន្លងទៅ មុននឹងអាចរៀបចំរៀបចំតេស្តកាំជ្រួចបាលីស្ទីកអន្តរទ្វីបពេញលេញមួយទៀតឆាប់ៗនេះ។

យ៉ាងណាមិញជាមួយនឹងការចោទប្រកាន់ទាំងនេះ ប្រទេសកូរ៉េខាងជើងបានឆ្លើយតបថាការបាញ់បង្ហោះទាំងពីរដងរបស់ខ្លួននោះ គឺជាការបាញ់បង្ហោះសាកល្បង «ផ្កាយរណបយោធា» ទៅវិញទេ តែមន្ត្រីជំនាញអាម៉េរិក និងកូរ៉េខាងត្បូងជឿថាការបាញ់បង្ហោះនោះគឺជាប្រភេទកាំជ្រួច Hwasong-17 ICBM ដែលត្រូវបានរបបយោធាកូរ៉េខាងជើងបង្ហាញជាសាធារណៈក្នុងព្យុហយាត្រាយោធារបស់ខ្លួនកាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ។

សម្រាប់មន្ត្រីជំនាញនៅសេនាធិការដ្ឋានចំរុះកូរ៉េខាងត្បូង គេមិនទាន់អាចកំណត់ថាតើកូរ៉េខាងជើងនឹងមានសកម្មភាពបែបណានោះទេ តែអ្នកជំនាញបានលើកឡើងថាកូរ៉េខាងត្បូងមានជំហរត្រៀមខ្លួនរួចរាល់ចំពោះរាល់សកម្មភាពនានារបស់កូរ៉េខាងជើង។ ក្នុងនោះដែរ គេក៏ប៉ាន់ស្មានថាចំពោះរយៈពេលជាក់លាក់នៃការត្រៀមបាញ់ធ្វើតេស្តថ្មីរបស់កូរ៉េខាងជើងនេះ ក៏ត្រូវផ្អែកលើកត្តាផ្សេងៗដូចជាកត្តាអាកាសធាតុ និងកត្តាដទៃទៀតផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *