ចែករំលែក! រយៈពេលមួយខែពីថ្ងៃចន្ទនេះទៅ អាជ្ញាធរកូរ៉េទទួលស្គាល់ផ្លូវការលទ្ធផលតេស្តកូវីដរហ័សនៅតាមមន្ទីរពេទ្យផ្ទាល់ មិនចាំបាច់តេស្តម៉ាស៊ីន PCR ទៀតទេ

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃចន្ទនេះទៅ រដ្ឋាភិបាលកូរ៉េនឹងប្រកាសទទួលស្គាល់ផ្លូវការលទ្ធផលធ្វើតេស្តកូវីដរហ័ស ជំនួសឱ្យការធ្វើតេស្តកូវីដតាមម៉ាស៊ីន PCR ខណៈដែលតួលេខឆ្លងបានកើនឡើងដល់លើស ៣៥ម៉ឺនករណីបន្តបន្ទាប់២ថ្ងៃហើយនោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times របស់កូរ៉េខាងត្បូងបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ទីស្នាក់ការគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងកូរ៉េ បាននិយាយថា លទ្ធផលធ្វើតេស្តកូវីដរហ័សដែលវិជ្ជមាន ហើយត្រូវបានធ្វើឡើងនៅតាមមណ្ឌលសុខាភិបាលផ្ទាល់ នឹងត្រូវចាត់ទុកទទួលស្គាល់ជាផ្លូវការស្មើទៅនឹងការធ្វើតេស្តកូវីដតាមម៉ាស៊ីន PCR។

ការទទួលស្គាល់នេះ គឺនឹងត្រូវឡើងរយៈពេលមួយខែពេញ ចាប់ផ្តើមពីថ្ងៃចន្ទនេះតែម្តង។ បើតាមការបញ្ជាក់របស់អាជ្ញាធរកូរ៉េ សម្រាប់បច្ចុប្បន្ននេះ ការធ្វើតេស្តកូវីដតាមឧបករណ៍តេស្តរហ័សគឺកាន់តែមានភាពច្បាស់លាស់ជាងមុន ខណៈដែលចំនួនករណីឆ្លងកូវីដកើនឡើងកាន់តែខ្លាំង ដោយអត្រាពិនិត្យរកកូវីដត្រូវដល់ទៅ ៩៤.៧% ឯណោះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃ សប្តាហ៍ចុងក្រោយនេះ តួលេខឆ្លងរបស់កូរ៉េខាងត្បូងឃើញមានការកើនឡើងខ្លាំងមែនទែន ហើយសម្រាប់ឆ្លើយតបទៅនឹងការកើនឡើងគួរឱ្យបារម្ភនេះ អាជ្ញាធរសុខាភិបាលបង្វែរធនធានសុខាភិបាលរបស់ខ្លួនដែលកំពុងតែខ្វះខាត មកផ្តោតលើការព្យាបាលអ្នកជំងឺកូវីដឱ្យបានទាន់ពេលវេលា និងកាត់បន្ថយករណីបាត់បង់ជីវិតវិញ ជាពិសេសសម្រាប់អ្នកជំងឺដែលមានអាយុ៦០ឆ្នាំឡើងទៅ និងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង។ ដូចនេះហើយ ទើបអាជ្ញាធរសម្រេចចិត្តបន្ថយធនធានសុខាភិបាលសម្រាប់ការធ្វើតេស្តម៉ាស៊ីន PCR វិញ ដោយមកទទួលស្គាល់លទ្ធផលធ្វើតេស្តកូវីដរហ័សវិញ ដែលត្រូវចំណាយពេលលឿនជាង និងធនធានតិចជាង។

ជាមួយនឹងវិធានការនេះ អ្នកជំនាញសុខាភិបាលបានបង្ហាញជំហរគាំទ្រ ដោយបានលើកឡើងថាវិធានការផ្លាស់ប្តូរបែបនេះនឹងមានប្រសិទ្ធិភាព និងចាំបាច់ក្នុងការឆ្លើយតបទៅនឹងការឆ្លងកាន់តែខ្លាំងនៃកូវីដ-១៩។ អ្នកនិយាយលើកឡើងថា សម្រាប់ស្ថានការណ៍បច្ចុប្បន្ននេះមិនអាចនោះទេ ដែលត្រូវឱ្យអ្នកសង្ស័យគ្រប់គ្នារង់ចាំធ្វើតេស្តកូវីដតាមម៉ាស៊ីនធំ PCR ដែលត្រូវចំណាយពេលយូរជាង និងអ្នកឆ្លងកាន់តែច្រើនឡើងៗ ហើយបញ្ហាមួយទៀតនោះគឺការមកធ្វើតេស្តម៉ាស៊ីនធំនេះ គឺបង្កបញ្ហាប្រឈមឆ្លងកូវីដដល់អ្នកដែលមកធ្វើតេស្តផងដែរ។

បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល ចំនួនតួលេខឆ្លងកូវីដថ្មីប្រចាំថ្ងៃ អាចនឹងកើនឡើងកាន់តែខ្លាំងដល់ចំណុចកំពូលក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះ។

Leave a Reply

Your email address will not be published. Required fields are marked *