សេអ៊ូល៖ អគ្គរាជ-រដ្ឋទូតអាស៊ានទាំង ១០ ត្រូវបានលោកស្រីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េ Yoo Myung-hee អញ្ជើញទទួលទានអាហារថ្ងៃត្រង់ ដើម្បីមានឱកាសជម្រាបពួកយើងអំពីគោលនយោបាយរបស់គាត់ ដែលបានដាក់បេក្ខភាពជាអគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោក WTO។
បើតាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន កម្ពុជាគាំទ្រនូវរាល់ទម្រង់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម និងអង្គការ WTO ហើយលោកឯកអគ្គរាជទូត ក៏បានសួរនាំអំពីគោលការណ៏របស់លោកស្រី ក្នុងការដោះស្រាយបញ្ហាគម្លាតនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍតិចតួច។ ក្នុងនោះ លោកទូត ក៏បានលើកពីបញ្ហាប្រឈមនៃ គោលនយោបាយគាំពារនិយម និងឯកតោនិយមរបស់ប្រទេសជាសមាជិកមួយចំនួន ដែល WTO ត្រូវចេញមុខអន្តរាគមន៍ដែរ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសកម្ពុជា និងកូរ៉េ ក៏នឹងត្រូវចាប់ផ្ដើមពីថ្ងៃនេះ ហើយលោកស្រីរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់គាត់ ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះអាចសម្រេចបាន និងចុះហត្ថលេខាក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ខាងមុខនេះ។