កូរ៉េខាងត្បូង៖ លោកជំទាវ ជ្រឹង បុទុមរង្សី និងមន្ត្រីស្ថានទូតបានទទួលជួបពិភាក្សាជាមួយលោកស្រី Yang Bo Kyung នាយកសាកលវិទ្យាល័យ Sungshin Women’s University (SWU) និងសហការី ដើម្បីពិនិត្យលទ្ធភាពស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។
ក្នុងជំនួបនោះ លោកស្រី Yang Bo Kyung បានលើកឡើងថា SWU ជាសាកលវិទ្យាល័យស្រ្តីឈានមុខទី២នៅកូរ៉េ និងមានដៃគូរសហការចំនួន២៦២ នៃបណ្ដាប្រទេសចំនួន៥២ ដូច្នេះហើយ លោកស្រី Yang Bo Kyung ក៏ចង់ឃើញមានការផ្សាភ្ជាប់ដៃគូរវាង SWU និងមហាវិទ្យាល័យនៅកម្ពុជាផងដែរ ក្នុងន័យនេះ លោកស្រីបានសំណូមពរស្នើសុំ អោយស្ថានទូត ជួយផ្ដល់អនុសាសន៍ណែនាំដើម្បីអោយមានការសហការរវាងសាកលវិទ្យាល័យណាមួយនៅកម្ពុជា ជាមួយ SWU ដើម្បីចែករំលែកបទពិសោធន៍ និងការសិក្សាស្រាវជ្រាវរួមគ្នានាថ្ងៃអនាគត។ ក្នុងជំនួបនេះដែរ លោកស្រី ក៏បានស្នើសុំអោយលោកជំទាវចូលរួមធ្វើបទបង្ហាញ និងធ្វើបទឧទេ្ទសនាមអំពីចំណេះវិជ្ជា និងបទពិសោធន៍ផ្ទាល់ខ្លួន ជាពិសេសជំនាញទំនាក់ទំនងការទូតផ្សេងៗ។ មួយវិញទៀត លោកស្រីក៏បានមានប្រសាសន៍ថា សាកលវិទ្យាល័យ SWU ត្រៀមនឹងរៀបចំផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាដែលមានបំណងមកបន្តការសិក្សានៅសាកលវិទ្យាល័យ SWU នាពេលអនាគត។
ជាការឆ្លើយតប លោកជំទាវបានសម្ដែងនូវការស្វាគមន៍ចំពោះការលើកឡើងរបស់លោកស្រី ហើយលោកជំទាវ រីករាយក្នុងការផ្ដល់បទបង្ហាញ និងធ្វើបទឧទ្ទេសនាមដល់និស្សិតនៅ (SWU) ជាមួយគ្នាដែរ លោកជំទាវក៏បានផ្ដល់យោបល់ថាគួរមានជំនួបមួយរវាងក្រសួងអប់រំ យុវជន និងកីឡា និង SWU ដើម្បីស្វែងរកនូវឱកាសសម្រាប់ចុះ MoU រវាងស្ថាប័នទាំងពីរ។ ក្នុងជំនួបនេះផងដែរ ស្ថានទូត និងSWU ក៏បានពិភាក្សាបន្ថែមអំពីការចុះ MoU រវាងស្ថានទូត និងSWU ក្នុងពេលដ៏ឆាប់ខាងមុខនេះ។