មិនទាន់អស់ទេ កូវីដអូមីក្រុង! នាយករដ្ឋមន្ត្រីកូរ៉េ៖ តួលេខឆ្លងកូវីដអូមីក្រុង នឹងអាចកើនដល់កំពូលលើស ៣៧ម៉ឺនករណី ក្នុង ១០ថ្ងៃ ខាងមុខនេះ

កូរ៉េខាងត្បូង៖ ករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកូរ់េខាងត្បូងអាចនឹងកើនដល់ចំណុចកំពូលក្នុងអំឡុងរយៈពេល១០ថ្ងៃខាងមុខនេះ ដែលតួលេខឆ្លងអាចនឹងកើនដល់ ៣៧ម៉ឺនករណីក្នុងមួយថ្ងៃ ដោយសារវត្តមាននៃមេរោគអូមីក្រុង នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម បូឃ៉្យុម។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា តាមការប៉ាន់ស្មានដែលត្រូវបានប្រកាសជាសាធារណនោះ គឺតួលេខនៃការឆ្លងកូវីដ-១៩ នឹងអាចកើនដល់លើស ៣៧ម៉ឺនករណីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលប្រទេសកូរ់េខាងត្បូងមានតួលេខឆ្លងលើសពី៣០ម៉ឺនករណីលើកដំបូងបង្អស់នៅថ្ងៃពុធនេះ ដោយសារវត្តមានកូវីដបម្លែងខ្លួនអូមីក្រុង។

បើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះ អាទិភាពចម្បងរបស់រដ្ឋាភិបាលគឺកាត់បន្ថយចំនួនអ្នកជំងឺដែលធ្លាក់ខ្លួនឈឺធ្ងន់ និងករណីបាត់បង់ជីវិត ហើយដើម្បីអាចសម្រេចគោលដៅនេះ គេត្រូវធានាឱ្យមានចំនួនមន្ទីរពេទ្យ បន្ទប់ពេទ្យ និងគ្រែពេទ្យបន្ថែមទៀតផងដែរ។

តាមអ្វីដែលលោកនាយករដ្ឋមន្ត្រីបញ្ជាក់ បច្ចុប្បន្នអាជ្ញាធរកំពុងត្រៀមបង្កើតប្រព័ន្ធសុខាភិបាលត្រៀមទទួលអ្នកជំងឺកូវីដ ដោយចាប់ពីសប្តាហ៍ក្រោយនេះទៅ ដើម្បីអ្នកជំងឺកូវីដដែលមានអាការៈស្រាល អាចទទួលបានការព្យាបាលនៅតាមមន្ទីរពេទ្យទូទៅ។

ចំពោះការរៀបចំធ្វើតេស្តកូវិដ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ចំពោះការធ្វើតេស្តកូវីដរហ័សដោយអ្នកជំនាញ ដែលត្រូវបានធ្វើឡើងនៅមណ្ឌលសុខភាព នឹងត្រូវទទួលចូលទៅក្នុងកំណត់ត្រាផ្លូវការនៃរាប់ជំងឺកូវីដប្រចាំថ្ងៃ ហើយបើរកឃើញថាវិជ្ជមានកូវីដតាមតេស្តរហ័ស គឺគេមិនចាំបាច់ធ្វើតេស្តតាមម៉ាស៊ីន PCR ធំទៀតនោះទេ។

Leave a Reply

Your email address will not be published. Required fields are marked *