កូរ៉េខាងត្បូង៖ កាលវិភាគរថភ្លើងក្រោមដីនៅសេអ៊ូលនៅពេលយប់ នឹងត្រូវដាក់ឱ្យដំណើរការពេញលេញជាធម្មតាវិញហើយចាប់ពីសប្តាហ៍ក្រោយនេះទៅ ខណៈដែលអាជ្ញាធរកូរ៉េខាងត្បូងបានចាប់ផ្តើមបន្ថយវិធានការគម្លាតសង្គមកាន់តែច្រើន ទោះជាស្ថានការណ៍កូវីដ-១៩ហាក់នៅតែមានការបន្តកើនឡើងគួរឱ្យបារម្ភខ្លាំងក៏ដោយ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងសេអ៊ូលនៅថ្ងៃសុក្រម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា រថភ្លើងក្រោមដីនៅសេអ៊ូលដែលបានកាត់បន្ថយជើងរត់អស់ដល់ ២០% ក្រោយពីម៉ោង១០យប់ទៅ ដែលបានចាប់អនុវត្តតាំងពីថ្ងៃទី២៤ ខែធ្នូ ដល់សព្វថ្ងៃនេះ ដើម្បីរួមចំណែកជាមួយវិធានការគម្លាតសង្គមដទៃទៀតដែលត្រូវរឹតត្បិតម៉ោងប្រកបអាជីវកម្មពេលយប់នាពេលកន្លងមកនោះ ឥឡូវនេះចាប់ពីសប្តាហ៍ក្រោយ ថ្ងៃចន្ទទៅ នឹងត្រូវដំណើរការពេញលេញជាធម្មតាវិញហើយ។
វិធានការនេះមានន័យថា ខ្សែរថភ្លើងក្រោមដីនៅសេអ៊ុលលេខ ២, ៥-៩ និងខ្សែ Ui LRT នឹងត្រូវរត់ធម្មតាវិញពីថ្ងៃចន្ទក្រោយទៅ ខណៈខ្សែលេខ ៤ នឹងត្រូវរត់ជាធម្មតាវិញចាប់ពីថ្ងៃទី១៩ ខែមីនា និងខ្សែទី៣ នឹងចាប់ផ្តើមនៅខែមេសាវិញ។
ក្នុងនោះដែរ តាមការប្រកាសរបស់រដ្ឋាភិបាលដែរ បណ្តាអាជីវកម្មនានាដែលត្រូវជាប់បម្រាមគោរចរ និងកំណត់ម៉ោងប្រតិបត្តិការនៅត្រឹមម៉ោង១០យប់នោះ នឹងត្រូវពន្យារថែមមួយម៉ោងទៀត រហូតដល់ម៉ោង១១យប់។ ចំណែកឯកាលវិភាគរត់របស់រថយន្តក្រុងវិញ ដែលបានបន្ថយប្រតិបត្តិការដូចគ្នាដែរតាំងពីខែធ្នូ ឆ្នាំមុនមកនោះ ឥឡូវនេះក៏បានត្រឡប់មកប្រតិបត្តិការពេញលេញវិញផងដែរ។
ជាមួយនឹងការបើកប្រតិបត្តិការមធ្យោបាយធ្វើដំណើរសាធារណៈមកប្រក្រតីភាពវិញនេះ សាលាក្រុងសេអ៊ូលក៏បានបញ្ជាក់ដែរថា នឹងបន្តពិនិត្យស្ថានភាពកកស្ទះនៃស្ថានីយ៍រថភ្លើង និងអាចមានវិធានការផ្សេងៗទៀតដាក់ចេញដើម្បីការពារការឆ្លងរាតត្បាតជំងឺកូវីដ-១៩ផងដែរ។