កូរ៉េខាងត្បូងបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី លទ្ធផលកំពុងប្រកៀកគ្នាខ្លាំង! តោះមកមើលថាតើបេក្ខភាពប្រធានាធិបតីទាំង២នេះ មានជំហរនយោបាយខុសគ្នាម្តេចខ្លះ?

កូរ៉េខាងត្បូង៖ ក្រោយពីការប្រកួតប្រជែងប្រជាធិបតេយ្យតាមសម្លេងឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបានបញ្ចប់ទៅកាលពីថ្ងៃម្សិលមិញនេះ មតិសាធារណជនកំពុងតាមដានមើលយ៉ាងអន្ទះអន្ទែងចំពោះលទ្ធផលនៃការបោះឆ្នោត ហើយបេក្ខភាពដែលឈរនៅលំដាប់កំពូលកំពុងប្រកួតប្រជែងគ្នាតាមសម្លេងឆ្នោតនោះ គឺមាន២រូបដែលប្រជាប្រិយភាពគាំទ្រខ្លាំងជាងគេ។

យោងតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News គិតត្រឹមព្រលឹមឈានចូលថ្ងៃព្រហស្បតិ៍នេះ ឃើញថាក្នុងចំណោមបេក្ខភាពប្រកួតប្រជែងគ្នាទាំង២រូប ដែលមានលោក លី ជេម្យ៉ុង បេក្ខភាពគណបក្សប្រជាធិបតេយ្យសេរី (គណបក្សកំពុងកាន់អំណាច) និងលោក យូន ស៊ុកយ៉ុល បេក្ខភាពគណបក្សអំណាចប្រជាជនអភិរក្ស ដែលជាគណបក្សប្រឆាំងធំជាងគេនោះ ដែលកំពុងប្រទាញប្រទង់ខ្លាំងនោះ ហាក់ដូចជាមានលទ្ធផលទំនោរជោគជ័យទៅបេក្ខភាពលោក យូន ស៊ុកយ៉ុល បេក្ខភាពគណបក្សអំណាចប្រជាជនអភិរក្ស ទៅហើយ។

តាមលទ្ធផលបណ្តោះអាសន្នប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េខាងត្បូង បេក្ខភាពពីគណបក្សប្រឆាំង លោក យូន ស៊ុកយ៉ុល បានកំពុងនាំមុខក្នុងសម្លេងឆ្នោតគាំទ្រ ៤៨,៦១% ខណៈដែលបេក្ខភាពប្រកួតប្រជែងពីគណបក្សកាន់អំណាចសព្វថ្ងៃ លោក លី ជេម្យ៉ុង វិញគឺមានត្រឹមតែ ៤៧,៧៩% គឺចាញ់គ្នាតែបន្តិចប៉ុណ្ណោះ។ លទ្ធផលនេះគឺជាឆន្ទៈបោះឆ្នោតពីសំណាក់ប្រជាជនកូរ៉េខាងត្បូងដល់ទៅ ៧៧.១% នៃអ្នកមានសិទ្ធិអាចបោះឆ្នោតបានទាំងអស់ ដែលមានន័យថាក្នុងចំណោមប្រជាជន ៤៤.២លាននាក់ដែលមានសិទ្ធិបោះឆ្នោត មានដល់ទៅលើស ៣៤លាននាក់ បានចេញទៅបោះឆ្នោត ទោះក្នុងស្ថានការណ៍ដ៏លំបាកនៃការឆ្លងកូវីដក្នុងប្រទេសក៏ដោយ។

បើតាមលទ្ធផលបឋមបែបនេះ បង្ហាញថាការបោះឆ្នោតប្រធានាធិបតីលើកនេះជាការបោះឆ្នោតដែលមានលទ្ធផលប្រកៀកប្រកិតគ្នាជាងគេបង្អស់ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូងចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីផ្ទាល់ពីឆ្នាំ១៩៨៧មកហើយ។

យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ខ្លាំងទៀតនោះ គឺការកំណត់គោលនយោបាយសឹងតែខុសគ្នាផ្ទុយទាំងស្រុងរវាងបេក្ខភាពប្រធានាធិបតីទាំង២រូបនេះ ទាំងលើបញ្ហាសេដ្ឋកិច្ច គោលនយោបាយការបរទេស បញ្ហាឧបទ្វីបកូរ៉េ និងបញ្ហាដឹកនាំរដ្ឋបាលផងដែរ។

ជាក់ស្តែងលើបញ្ហាសន្តិសុខជាតិ លោក យូន ស៊ុកយ៉ុល បេក្ខភាពគណបក្សប្រឆាំងដែលកំពុងមានសម្លេងនាំមុខ មានជំហរក្តៅ និងរឹងមាំជាង ដោយលោកលើកឡើងថា ចំពោះបញ្ហាឧបទ្វីបកូរ៉េ កូរ៉េខាងត្បូងត្រូវការការវាយទៅលើកូរ៉េខាងជើងមុន ដើម្បីអាចឆ្លើយតបទៅនឹងការបន្តគម្រាមកំហែងរបស់កូរ៉េខាងជើងមកលើប្រទេសខ្លួន។ លោក យូន ស៊ុកយ៉ុល ក៏បានបង្ហាញការគាំទ្រក្នុងការតម្លើងឧបករណ៍ប្រឆាំងកាំជ្រួចរបស់អាម៉េរិកបន្ថែមទៀត នៅលើទឹកដីកូរ៉េខាងត្បូងផងដែរ ដើម្បីទប់ទល់នឹងការគម្រាមពីកូរ៉េខាងជើង។

រីឯលោក លី ជេម្យ៉ុង វិញ មានជំហរបែបសម្របសម្រួលច្រើនជាងជាមួយកូរ៉េខាងជើង ដោយលោកបានសង្កត់ធ្ងន់ថាគោលដៅធំនៃទំនាក់ទំនងជាមួយកូរ៉េខាងជើង គឺដើម្បីរក្សាសន្តិភាព និងបញ្ចៀសពីសង្គ្រាមនៅលើឧបទ្វីបកូរ៉េ។ លោក លី ជេម្យ៉ុង បានលើកឡើងថាកូរ៉េខាងត្បូងនឹងបន្តការសម្របសម្រួលដើម្បីសម្រេចបានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ហើយនឹងមានការលើកលែងដាក់ទណ្ឌកម្មលើកូរ៉េខាងជើងផងដែរ ហើយលោករិះគន់គោលនយោបាយលោក យូន ស៊ុកយ៉ុល ថានឹងអាចនាំឱ្យបង្កើនស្ថានភាពតឹងតែងជាមួយកូរ៉េខាងជើង និងប្រទេសចិន ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកូរ៉េខាងត្បូងជារួម។

លើបញ្ហាគ្រប់គ្រងរដ្ឋបាលវិញ បេក្ខភាពនាំមុខ លោក យូន ស៊ុកយ៉ុល ហាក់រិះគន់ខ្លាំងៗលើរដ្ឋាភិបាលបច្ចុប្បន្ន និងគណបក្សកាន់អំណាចថាមិនមានការអនុវត្តគោលនយោបាយស្មើភាពគ្នា និងខ្វះការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ រីឯលោក លី ជេម្យ៉ុង បានយកបទពិសោធន៍ខ្លួនជាអភិបាលខេត្តឃ្យ៉ុងគី មកប្រកាន់គោលនយោបាយបែបបត់បែនដែលនឹងទទួលបានលទ្ធផលល្អទាំងផ្នែកសេដ្ឋកិច្ច និងការទូត។

 

Leave a Reply

Your email address will not be published.