កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងអនុវត្តវិធានការពិន័យរដ្ឋបាល និងអាចពិនិត្យលទ្ធភាពលើការដាក់ទោសព្រហ្មទណ្ឌផងដែរ លើអតីតកងទ័ពកូរ៉េខាងត្បូងម្នាក់ដែលបានក្លាយខ្លួនជាអ្នករកចំណូលតាមការធ្វើវីដេអូយូធូប ដោយសារតែបុរសល្មើសរូបនេះ បានធ្វើដំណើរចូលទៅក្នុងតំបន់ជម្លោះប្រទេសអ៊ុយក្រែនដោយមិនមានការអនុញ្ញាត។
បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា នៅថ្ងៃអង្គារនេះក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា អតីតទាហានជំនាញកូរ៉េខាងត្បូងម្នាក់ ឈ្មោះ រី ឃេន (Rhee Ken) បានចូលទៅដល់ទឹកដីប្រទេសអ៊ុយក្រែនដោយមិនមាន «ការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េជាមុន»។
ទាហានកូរ៉េខាងត្បូងខាងលើនេះបានចូលដល់ប្រទេសអ៊ុយក្រែន ដែលជាទីតាំងហាមឃាត់មិនឱ្យជនជាតិកូរ៉េខាងត្បូងធ្វើដំណើរទៅបាន ហើយកាលពីម្សិលមិញនេះទាហានរូបនេះថែមទាំងបានអះអាងថាបានរៀបចំបោះតង់យោធាមួយនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីចូលរួមប្រយុទ្ធនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីទៀតផង។
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា «ក្រសួងការបរទេសកូរ៉េខាងត្បូងកំពុងធ្វើការប្រឹក្សាយោបល់ជាស្ថាប័នពាក់ព័ន្ធផ្សេង រួមមានទាំងក្រសួងយុត្តិធម៌ ដើម្បីអាចអនុវត្តវិធានការពិន័យរដ្ឋបាលដកលិខិតឆ្លងដែនរបស់បុគ្គលរូបនេះ»។ បុរសល្មើសនេះត្រូវរងការចោទប្រកាន់ពីបទល្មើសនឹងច្បាប់លិខិតឆ្លងដែនកូរ៉េខាងត្បូងផងដែរ។
សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានចេញបម្រាមដល់ប្រជាជនរបស់ខ្លួនមិនឱ្យធ្វើដំណើរតាមគ្រប់រូបភាពចូលទៅទឹកដីអ៊ុយក្រែនគ្រប់ទីកន្លែងទាំងអស់ ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក ដោយសារការបារម្ភបញ្ហាសុវត្ថិភាព។ អ្នកណាដែលល្មើសនឹងបម្រាមខាងលើ ហើយធ្វើដំណើរចូលប្រទេសអ៊ុយក្រែនដោយមិនមានការអនុញ្ញាត នឹងត្រូវរងការពិន័យដល់ជាប់ឃុំឃាំងរយៈពេល១ឆ្នាំ ឬអាចរងការពិន័យដល់ ១០លានវ៉ុន។