ចែករំលែក! ពីខែមីនា ស្អែកនេះទៅ ចូលតាមហាងនានានៅកូរ៉េខាងត្បូង មិនចាំបាច់ត្រូវការបង្ហាញកាតវ៉ាក់សាំង ឬលទ្ធផលតេស្តកូវីដអវិជ្ជមាន

កូរ៉េខាងត្បូង៖ វិធានការអនុវត្តពិនិត្យកាតចាក់វ៉ាក់សាំង នៅតាមភោជនីយដ្ឋាន កាហ្វេ និងទីតាំងនានាផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវអាជ្ញាធរផ្អាកក្នុងការអនុវត្តបណ្តោះអាសន្នសិនចាប់ពីថ្ងៃអង្គារស្អែកនេះទៅ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូរ៉េខាងត្បូងនៅព្រឹកថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ក្នុងអំឡុងនៃកិច្ចប្រជុំអន្តរក្រសួងស្ថាប័នកូរ៉េ ដើម្បឆ្លើយតបទៅនឹងស្ថានការណ៍កូវីដ-១៩ លោករដ្ឋមន្ត្រីមហាផ្ទៃ ជុន​ ហេឈុល (Jeon Hae-cheol) បាននិយាយថាសេចក្តីសម្រេចចិត្តបែបនេះមានន័យថា ចាប់ពីថ្ងៃអង្គារស្អែកនេះទៅ ទីតាំងអាជីវកម្មនានាចំនួន១១ប្រភេទ រួមមានទាំងភោជនីយដ្ឋាន និងហាងកាហ្វេ ជាដើម នឹងមិនចាំបាច់ទាមទារឱ្យពិនិត្យកាតចាក់វ៉ាក់សាំងពីអតិថិជនទៀតនោះទេ បើទោះបីជាស្ថានការណ៍ជំងឺកូវីដបម្លែងខ្លួនអូមីក្រុងកំពុងតែនៅបន្តវាយលុកខ្លាំងក៏ដោយ។

ការអនុវត្តបែបនេះ ត្រូវបានដាក់ចេញតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក ហើយជាទូទៅប្រជាជនកូរ៉េខាងត្បូងដែលមានអាយុពី១៨ឆ្នាំឡើង ត្រូវមានប័ណ្ណកាតចាក់វ៉ាក់សាំង ឬលទ្ធផលតេស្តកូវីដអវិជ្ជមានបង្ហាញតាមហាងអាជីវកម្មនានា ដើម្បីអាចចូលទៅទីតាំងនោះបាន។ ការអនុវត្តផ្អាកបណ្តោះអាសន្ននេះ បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីមហាផ្ទៃ គឺដើម្បីកាត់បន្ថយបន្ទុកការងាររបស់មន្រ្តីជំនាញសុខាភិបាល ដែលត្រូវទទួលបន្ទុកក្នុងការចេញនូវលិខិតធ្វើតេស្តអវិជ្ជមានកូវីដជូនដល់ប្រជាជនកន្លងមកនេះ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ថ្មីៗនេះតាមបណ្តាមណ្ឌលសុខភាពនានា មានការងារកាន់តែច្រើនឡើងជាមួយនឹងការចេញវិញ្ញាបនបត្រពិនិត្យសុខភាពអវិជ្ជមានកូវីដ ដូចនេះការផ្អាកអនុវត្តនេះនឹងអនុញ្ញាតឱ្យមន្ត្រីសុខាភិបាលងាកមកផ្តោតលើវិជ្ជាជីវៈជំនាញរបស់ខ្លួនក្នុងការព្យាបាលអ្នកជំងឺដែលមានហានិភ័យខ្ពស់វិញ។

សម្រាប់បណ្តាម្ចាស់អាជីវកម្មវិញ បានសាទរយ៉ាងខ្លាំងចំពោះវិធានការថ្មីនេះ ដោយសារតែកន្លងការអនុវត្តលើការទាមទារពិនិត្យកាតចាក់វ៉ាក់សាំងមុនចូលទីតាំងហាងរបស់ខ្លួននេះ មានបញ្ហាឈឺក្បាលច្រើន និងបានប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេយ៉ាងខ្លាំងផងដែរ។ តែក៏មានមតិមួយចំនួនបារម្ភ និងលើកឡើងពីបញ្ហាប្រឈមដែលអាចប៉ះពាល់ពីវិធានការថ្មីនេះផងដែរ។

ក្នុងនោះដែរ ជាមួយនឹងការកើនឡើងយ៉ាងគំហុកនៃករណីអ្នកឆ្លងអូមីក្រុងថ្មីៗនេះ រដ្ឋាភិបាលកូរ៉េក៏បានបញ្ជូនក្រុមកាងារពីថ្នាក់ជាតិជាង ៣០០០នាក់ ចុះទៅតាមមណ្ឌលសុខភាពនានាតាមមូលដ្ឋាន ជាង ២៥៨ ទីតាំង ដើម្បីផ្តល់ការគាំទ្រក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដបម្លែងខ្លួនអូមីក្រុងនេះ។

Leave a Reply

Your email address will not be published. Required fields are marked *