កូរ៉េខាងត្បូង៖ កម្មវិធីឧបត្ថម្ភជីវភាពសាកល្បងថ្មីមួយនឹងត្រូវដាក់ឱ្យដំណើរការសាកល្បង ក្នុងគោលបំណងដើម្បីផ្តល់ការឧបត្ថម្ភធនដល់ក្រុមគ្រួសារដែលមានប្រាក់ចំណូលទាប នៅក្នុងទីក្រុងសេអ៊ូលផ្ទាល់ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរក្រុងសេអ៊ូលកាលពីថ្ងៃអង្គារម្សិលមិញនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា គម្រោងសាកល្បងថ្មីនេះនេះ នឹងមានការផ្តល់ជាប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារប្រមាណជាង ៨០០គ្រួសារ ដែលស្ថិតក្រោមបន្ទាត់ប្រាក់ចំណូល ៣៣% ទាបជាងគេបង្អស់ និងមានទ្រព្យសម្បត្តិតម្លៃក្រោម ៣២៦លានវ៉ុន (ប្រមាណជាង២៧ម៉ឺនដុល្លារ) នៅក្នុងក្រុងសេអ៊ូល តាមការលើកឡើងរបស់ការិយាល័យនៃអាជ្ញាធរក្រុងសេអ៊ូល។
កញ្ចប់ទឹកប្រាក់ឧបត្ថម្ភប្រមាណជាង ១៩.៥ប៊ីលានវ៉ុន ដែលជាកញ្ចប់ទឹកប្រាក់របស់ក្រុងសេអ៊ូលផ្ទាល់ នឹងត្រូវយកមកចំណាយក្នុងគម្រោងសាកល្បងនេះ សម្រាប់រយៈពេល៣ឆ្នាំនៃការអនុវត្ត ដែលក្នុងនោះទឹកប្រាក់ ៣.៥ប៊ីលានវ៉ុន នឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់គម្រោងក្នុងឆ្នាំនេះ ដែលនឹងចាប់ផ្តើមការឧបត្ថម្ភពីខែកក្កដានេះទៅ។
គម្រោងនេះ បើតាមការបញ្ជាក់របស់លោកអភិបាលក្រុង អូ បានឱ្យដឹងថា ដើម្បីអាចសិក្សាមើលថា គម្រោងឧបត្ថម្ភសង្គមបែបណាដែលអាជ្ញាធរក្រុងសេអ៊ូលគួររៀបចំឱ្យមាន ដើម្បីធានាថាប្រជាជនក្នុងក្រុងសេអ៊ូល អាចរស់នៅដោយសមរម្យ ដោយមិនមាននរណាម្នាក់ធ្លាក់ខ្លួនក្រីក្រខ្លាំងពេកនោះទេ។
តាមរយៈគម្រោងសាកល្បងជុំដំបូងនេះ អាជ្ញាធរក្រុងសេអ៊ូលនឹងធ្វើការជ្រើសរើសក្រុមគ្រួសារចំនួន ៥០០ ដោយចៃដន្យ តាមរយៈកម្មវិធីអនឡាញពិសេសមួយ ចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី៨ ខែមេសាខាងមុខ។ ក្រុមគ្រួសារដែលគេជ្រើសរើសនេះ គឺមានចំណូលប្រចាំខែ ទាបជាងពាក់កណ្តាលនៃចំណូលមធ្យមប្រចាំខែរបស់ប្រជាជនកូរ៉េទាំងមូល ហើយគ្រួសារដែលត្រូវជ្រើសរើសនេះនឹងត្រូវផ្តល់ប្រាក់ឧបត្ថម្ភរយៈពេល៣ឆ្នាំបន្ទាប់ពេញ។
សម្រាប់ឆ្នាំក្រោយទៅ គ្រួសារចំនួន ៣០០ ផ្សេងទៀត នឹងត្រូវជ្រើសរើសបន្ថែម ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូល ត្រឹមពាក់កណ្តាល ដល់ ៨៥% នៃចំណូលមធ្យមប្រចាំខែរបស់ប្រជាជនកូរ៉េ ដែលពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភរយៈពេល២ឆ្នាំ។
សម្រាប់ទំហំនៃប្រាក់ឧបត្ថម្ភនឹងត្រូវកំណត់ខុសៗគ្នាទៅតាមទិដ្ឋភាពប្រាក់ចំណូលនៃគ្រួសារនីមួយៗ ក្នុងគោលបំណងដើម្បីបំពេញបន្ថែមឱ្យបានពាក់កណ្តាលទៀត ពីលើចំណូលដែលគ្រួសារនោះមានទាបជាងចំណូលមធ្យមប្រចាំខែរបស់ប្រជាជនកូរ៉េទាំងមូល។ ក្នុងនោះដែរ អាជ្ញាធរក៏នឹងសិក្សាទៅលទ្ធផលដែលកម្មវិធីឧបត្ថម្ភនេះមានទៅលើក្រុមគ្រួសារទាំងនោះ ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ផងដែរ។
