អបអរសាទរមិត្តភាពរវាងខេត្តបាត់ដំបង និងក្រុងសេជុង! លោកជំទាវទូតកម្ពុជា តំណាងឱ្យខេត្តបាត់ដំបង អញ្ជើញទទួលអំណោយរថយន្តសង្រ្គោះបន្ទាន់ និងពន្លត់អគ្គីភ័យ ២គ្រឿងពីក្រុងសេជុង

កូរ៉េខាងត្បូង៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ម្សិលមិញនេះ លោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង និងមន្ត្រីស្ថានទូតបានចុះទៅដល់ទីក្រុងសេជុង តាងនាមជំនួសមុខអោយអាជ្ញាធរខេត្តបាត់ដំបង ដើម្បីចូលរួមកម្មវិធីប្រគល់និងទទួលអំណោយពីរដ្ឋបាលទីក្រុងសេជុង។

ក្នុងការចែករំលែកពីទំព័រហ្វេសប៊ុករបស់លោកជំទាវទូត បានឱ្យដឹងថា ក្នុងឱកាសទទួលនូវអំណោយពីរដ្ឋបាលក្រុងសេជុងនេះ លោកជំទាវទូតក្នុងតំណាងឱ្យអាជ្ញាធរខេត្តបាត់ដំបង បានអញ្ជើញទទួលនូវរថយន្តសង្រ្គោះបន្ទាន់ និង រថយន្តពន្លត់អគ្គីភ័យ សរុបចំនួន២គ្រឿង ព្រមទាំងគ្រឿងបរិក្ខារមួយចំនួនទៀត។ ជាមួយគ្នានេះដែរ ទីក្រុងសេជុងក៏ត្រៀមផ្តល់វគ្គសិក្សាជំនាញផ្នែកសង្រ្គោះបន្ទាន់ ដល់មន្ត្រីកម្ពុជាចំនួន ២រូបនៅក្នុងឆ្នាំ២០២២នេះផងដែរ។

នេះសបញ្ជាក់ពីចំណងមិត្តភាពជាលក្ខណៈបងប្អូនរវាងខេត្តបាត់ដំបង និងទីក្រុងសេជុង ដោយផ្តោតសំខាន់ទៅលើការថែរក្សាសុវត្ថិភាព និងសន្តិសុខសង្គមជូនដល់ប្រជាជន។ លោកជំទាវទូតបានបញ្ជាក់ពីក្តីសង្ឃឹមថាចំណងមិត្តភាពរវាងខេត្ត និងទីក្រុងនៃប្រទេសទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការជំរុញបង្កើតគម្រោងនានាសំដៅបង្កើនផលប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិក្រោយវិបត្តិនៃជំងឺកូវីដ១៩ត្រូវបានធូរស្បើយ។

ឆ្លៀតក្នុងឱកាសនៃការទទួលអំណោយពីរដ្ឋបាលទីក្រុងសេជុងនោះដែរ លោកជំទាវទូតក៏បានជួបពិភាក្សាជាមួយនឹង លោក លី ឈុនហុី អភិបាលក្រុងសេជុង។ នៅក្នុងជំនួបនេះភាគីទាំងពីរបានពិភាក្សាទៅលើគម្រោងជំរុញបន្តសកម្មភាព និងទំនាក់ទំនងល្អរវាងរដ្ឋបាលនៃខេត្តបាត់ដំបង និងទីក្រុងសេជុង តាមរយៈការដោះដូរខាងផ្នែកសេដ្ឋកិច្ចនិងការនាំចេញនាំចូល ការបន្តពង្រឹងវគ្គបណ្តុះបណ្តាលធនធានមនុស្ស ការជំរុញវិស័យទេសចរណ៍និងវប្បធម៌។ ល។ ភាគីទាំងពីរបានបង្ហាញពីក្តីសង្ឃឹមថា ចំណងមិត្តភាពរវាងខេត្តបាត់ដំបង និងទីក្រុងសេជុងនឹងកាន់តែល្អប្រសើរឡើងនៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ បានធូរស្រាលជាងនេះ។

Leave a Reply

Your email address will not be published.