ចែករំលែក! ឧបករណ៍ធ្វើតេស្តកូវីដ ៣០លានគ្រឿង នឹងមានដាក់លក់តាមឱសថស្ថាន និងហាងទំនិញទូទាំងកូរ៉េពីថ្ងៃចន្ទនេះទៅ លែងមានលក់តាមអនឡាញទៀតហើយ!

កូរ៉េខាងត្បូង៖ ឧបករណ៍តេស្តកូវីដរហ័សប្រមាណសម្រាប់មនុស្ស ៣០លាននាក់នឹងត្រូវដាក់ឱ្យមានលក់នៅតាមបណ្តាឱសថស្ថាន និងនៅតាមហាងទំនិញនានាសម្រាប់រយៈពេល២សប្តាហ៍ ចាប់ពីសប្តាហ៍នេះទៅ បើតាមការបញ្ជាក់របស់ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េខាងត្បូងនៅថ្ងៃអាទិត្យនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ឧបករណ៍តេស្តដល់ទៅ៣០លានឈុត នឹងមានដាក់លក់តាមទីផ្សារ ដែលគេអាចរកទិញបានតាមបណ្តាឱសថស្ថាន និងនៅតាមហាងទំនិញនានា។ ក្នុងនោះដែរ ក្រសួងជំនាញនេះនឹងធ្វើការចែកចាយឧបករណ៍ធ្វើតេស្តនេះសម្រាប់មនុស្ស ២៤លាននាក់ទៀត សម្រាប់អាចប្រើប្រាស់បាននៅតាមគ្លីនិកធ្វើតេស្តកូវីដ-១៩ និងនៅតាមទីតាំងដែលងាយនឹងឆ្លងមេរោគកូរ៉ូណានេះផងដែរ ចាប់ផ្តើមពីថ្ងៃចន្ទស្អែកនេះទៅ។

ក្នុងរយៈពេលចុងក្រោយនេះ ជាមួយនឹងការកើនឡើងនៃការព្យាបាលកូវីដនៅតាមផ្ទះ រដ្ឋាភិបាលបានចាប់ផ្តើមប្រកាសថានឹងធ្វើការហាមឃាត់ការលក់ដូរឧបករណ៍ធ្វើតេស្តនេះនៅតាមអនឡាញ ចាប់ពីថ្ងៃអាទិត្យនេះទៅ និងហាមមិនឱ្យមានការបញ្ជាទិញលើសពី៥ សម្រាប់មនុស្សម្នាក់នោះទេ នៅកន្លែងតែមួយក្នុងរយៈពេល៣សប្តាហ៍ ដែលធ្វើបែបនេះដើម្បីធានាឱ្យមានឧបករណ៍ធ្វើតេស្តផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងទីផ្សារ។

ហេតុផលមួយផ្សេងទៀត ដែលជំរុញឱ្យអាជ្ញាធរកូរ៉េខាងត្បូងដាក់ចេញវិធានការបែបនេះគឺដោយសារតែការបារម្ភពីការកើនឡើងតម្រូវការខ្ពស់នៃឧបករណ៍ធ្វើតេស្តកូវីដ នាំឱ្យការលក់តាមប្រព័ន្ធអនឡាញ ដែលខ្វះការត្រួតពិនិត្យគុណភាពនោះ បង្កជាបញ្ហាដល់អ្នកប្រើប្រាស់ជាដើម។

សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះ ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសកូរ៉េខាងត្បូ​ងបានកើនឡើងខ្លាំងដល់ទៅ ៥៦៩២៧ ករណី ជាករណីច្រើនជាងគេបង្អស់ និងជាកំណត់ត្រាថ្មីទៀតហើយ ខណៈដែលតួលេខឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងគំហុកជាមួយនឹងវត្តមាននៃមេរោគបម្លែងខ្លួនអូមីក្រុងកំពុងតែរីករាលដាលខ្លាំងនោះ។

 

Leave a Reply

Your email address will not be published.