កូរ៉េខាងត្បូង៖ ប្រាក់ខែជាមធ្យមរបស់ជនជាតិកូរ៉េខាងត្បូង ដែលលួចរត់មកកាន់កូរ៉េខាងត្បូង ទទួលបានដល់ទៅលើស ២លានវ៉ុន (ប្រមាណជាង ២ពាន់ដុល្លារ) ឯណោះ នេះបើតាមលទ្ធផលសម្រង់មតិមួយដែលបានធ្វើឡើង និងបានផ្សាយលទ្ធផលនៅថ្ងៃអង្គារនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើសម្រង់មតិមួយដែលមានអ្នកចូលរួមធ្វើជាជនជាតិកូរ៉េខាងត្បូង ដែលបានរត់ចាកចេញពីកូរ៉េខាងជើង ចូលមកក្នុងប្រទេសកូរ៉េខាងត្បូងដល់ទៅ ២៤៦៥នាក់ ដែលមានអាយុពី១៥ឆ្នាំឡើងទៅ បានបង្ហាញឱ្យឃើញថាប្រាក់ខែជនជាតិកូរ៉េខាងជើង ដែលលួចរត់មកកូរ៉េខាងត្បូងក្នុងឆ្នាំ២០២១ ជាមធ្យមមានចំនួន ២.២៧លានវ៉ុន ប្រចាំខែ (ប្រមាណជាង ១៩២០ ដុល្លារអាមេរិក) តិចជាងចំនួនប្រាក់ខែមធ្យមរបស់ជនជាតិកូរ៉េខាងត្បូង តែជាង ៤៥៧០០០វ៉ុនប៉ុណ្ណោះ។
យ៉ាងណាមិញ លទ្ធផលនេះបង្ហាញថា គម្លាតនៃប្រាក់ចំណូលរវាងជនជាតិកូរ៉េខាងជើង និងប្រាក់ចំណូលជាមធ្យមរបស់ប្រទេសកូរ៉េខាងត្បូង មានការថយច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ជាក់ស្តែង គម្លាតបានថយចុះពីជាង ៥៩៩០០០ វ៉ុន ក្នុងឆ្នាំ២០១៩ មកនៅត្រឹមតែ ៥២០០០០ វ៉ុនក្នុងឆ្នាំ២០២០ ហើយសម្រាប់ឆ្នាំ២០២១ នេះ នៅសល់ត្រឹមតែ ៤៥៧០០០វ៉ុន ប៉ុណ្ណោះ។
ជាគោលនយោបាយ រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលជំហរក្នុងការផ្តល់ការគាំពារ និងគាំទ្របន្ថែមដល់បណ្តាជនជាតិកូរ៉េខាងជើងដែលលួចរត់មកកូរ៉េខាងត្បូង ព្រមទាំងជួយទំនុកបម្រុងតម្រូវការនានា និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះផងដែរ ហើយទៅពេលអនាគតខាងមុខ គោលនយោបាយបែបនេះ នឹងនៅតែត្រូវបន្តអនុវត្តតទៅទៀត បើតាមការបញ្ជាក់របស់មន្ត្រីរបស់ក្រសួងជំនាញកូរ៉េខាងត្បូង។