ដំណឹងល្អ! រដ្ឋាភិបាលកូរ៉េ ប្រកាសនឹងពង្រឹងការគាំពារបន្ថែមដល់កុមារៗដែលកាត់សញ្ជាតិកូរ៉េ ឬមានសញ្ជាតិបរទេស ទាំងលើការសិក្សា និងការអភិវឌ្ឍអាជីព

កូរ៉េខាងត្បូង៖ សិស្សនៅក្នុងប្រទេសកូរ៉េខាងត្បុង ដែលជាកូនកាត់កូរ៉េ ជាមួយនឹងសាសន៍ដទៃទៀតនោះ នឹងទទួលបានការទំនុកបម្រុងគាំពារបន្ថែមពីរដ្ឋាភិបាលកូរ៉េ ដើម្បីអាចបង្កើនឱកាស និងបរិយាកាសសិក្សាដែលកុមារតូចៗទាំងនោះ អាចទទួលបានការសិក្សា និងការអភិវឌ្ឍន៍អាជីពការងារទៅខាងមុខបានល្អប្រសើរជាងមុន។

ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ក្រសួងសមភាពយេនឌ័រ និងគ្រួសារកូរ៉េខាងត្បូងបានចេញសេចក្តីប្រកាសកាលពីថ្ងៃសុក្រម្សិលមិញនេះថា នឹងបង្កើនការគំាពារទំនុកបម្រុងបន្ថែមសម្រាប់សិស្សដែលមានសញ្ជាតិកាត់កូរ៉េ ក៏ដូចជាបង្កើតនូវបរិយាកាសសិក្សាមួយដែលអាចអោបក្រសោបភាពខុសគ្នា និងធ្វើឱ្យសិស្សទាំងអស់គ្នាមានការចូលរួមបានស្មើៗគ្នា។

វិធានការនេះត្រូវបានដាក់ចេញ ក្រោយពីឃើញថាចំនួនសិស្សដែលមានសញ្ជាតិច្រើន កាត់កូរ៉េ មានកាន់តែច្រើនឡើងថ្មីៗនេះ បើទោះជានិន្នាការជារួមនៃចំនួនសិស្សនៅក្នុងសាលារៀនក្នុងប្រទេសកូរ់េខាងត្បូងមានការថយចុះក៏ដោយ ដោយសារតែកំណើនប្រជាជនមានការធ្លាក់ចុះនោះ។

ក្នុងឆ្នាំ២០២១ មានសិស្សប្រមាណចំនួន ៥.៣២លាននាក់បានចុះឈ្មោះរៀននៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងប្រទេសកូរ៉េ ដែលមានការថយចុះចំនួន ២១% ធៀបទៅនឹងចំនួនសិស្សដល់ទៅ ៦.៧២លាននាក់ក្នុងឆ្នាំ២០១២។ ក្នុងនោះដេរ រយៈពេលដូចគ្នានេះ ចំនួនសិស្សដែលមានសញ្ជាតិបរទេស និងកូនកាត់កូរ៉េវិញមានការកើនឡើងដល់ទៅ ២៤០% ឯណោះ ត្រឹមឆ្នាំ២០២២ មានលើសដល់ទៅ​១៦ម៉ឺននាក់ ដែលកើនពីត្រឹមតែតែ ៤៧០០០នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០១២។

តួលេខនេះ មានចំនួនកូនកាត់កូរ៉េ ជាកូនរបស់ជនជាតិកូរ៉េ និងជនបរទេសចំនួន៨២% និងកូនសិស្សដែលមានសញ្ជាតិបរទេស​ ជាកូនរបស់ឪពុកម្តាយជនជាតិបរទេសទាំងពីរ ដល់ទៅ ១៨%។

សម្រាប់បច្ចុប្បន្ន គោលនយោបាយរដ្ឋាភិបាលកូរ៉េផ្តោតខ្លាំងតែលើការគាំពារសម្រាប់កូនកាត់បរទេស ត្រឹមកម្រិតថ្នាក់មត្តេយ្យប៉ុណ្ណោះ ខណៈដែលកូនសិស្សជាកូនកាត់នៅកម្រិតសិក្សាដទៃទៀត មិនមានការគាំពារពេញលេញ ដែលនាំឱ្យមានការបាត់បង់ឱកាសក្នុងការទទួលបានការអប់រំដោយស្មើភាព និងបាត់បង់ឱកាសក្នុងទីផ្សារការងារផងដែរ។

បើតាមទិន្នន័យបង្ហាញឱ្យដឹងថា កូនសិស្សដែលជាកូនកាត់បរទេស ឬមានសញ្ជាតិបរទេស មានតែ ៤៩% ដេលបានចូលរៀនដល់ថ្នាក់សកលវិទ្យាល័យក្នុងឆ្នាំ២០១៨ ដែលទាបជាងអត្រាកូនសិស្សទូទៅដែលបានចូលរៀនថ្នាក់សកលវិទ្យាល័យ ដល់ទៅ ៦៧.៦%។

សម្រាប់វិធានការដែលដាក់ចេញ ចាប់ផ្តើមអនុវត្តពីខែក្រោយនេះទៅរួមមាន រដ្ឋាភិបាលនឹងផ្តល់កម្មវិធីប្រឹក្សាអាជីព នៅទីតាំងមជ្ឈមណ្ឌលគាំទ្រគ្រួសារបរទេសចំនួន ៧៨ទូទាំងប្រទេស និងជំរុញកម្មវិធីនានារបស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ជំ​នាញភាសារបស់កូនសិស្សដែលជាកូនកាត់នេះផងដែរ។

ក្នុងនោះដែរ ចាប់ពីខែក្រោយទៅ នៅតាមមជ្ឈមណ្ឌលគាំពារគ្រួសារបរទេស នឹងមានវគ្គពិសេសសម្រាប់ កុមារអាយុពី៦ ទៅ១០ឆ្នាំ ដែលនឹងអាចសិក្សានូវវគ្គបឋមពីការរៀនអានអក្សរ និងវគ្គជំនាញសរសេរ នៅកម្រិតថ្នាក់បឋមសិក្សាឡើងទៅ។ វគ្គនេះបើតាមការប៉ាន់ស្មាន នឹងមានដាក់ឱ្យដំណើរការនៅតាមមជ្ឈមណ្ឌលនានាចំនួន ៩០ទីតាំងទូទាំងប្រទេស ដែលនឹងអាចមានកូនសិស្សជាគោលដៅអាចរៀនបានដល់ទៅ ១៨០០នាក់ទូទាំងប្រទេសដែរ។

ជាទិដ្ឋភាពផ្លូវច្បាប់ គេក៏នឹងពិនិត្យឡើងវិញលើនិយមន័យនៃពាក្យថា “សមាជិកគ្រួសារពហុជាតិសាសន៍” ដើម្បីរាប់បញ្ចូលទាំងកុមារដែលកន្លងមកត្រូវបានរំលង ដោយសារតែកុមារទាំងនោះមិនស្របច្បាប់ ឬឪពុកម្តាយរបស់ពួកគេមិនស្របច្បាប់ជាដើមផងដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *