កូរ៉េខាងត្បូង៖ អ្នកឃ្លាំមើលការបោះឆ្នោតនៅកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តទៅនៅក្នុងប៉ុន្មានខែខាងមុខនេះ កំពុងពិនិត្យមើលវិធីសាស្រ្តណាដែលអាចអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ អាចមកបំពេញកាតព្វកិច្ចធ្វើការបោះឆ្នោតបាន ខណៈពេលដែលបច្ចុប្បន្ននេះចំនួនករណីឆ្លងកូវីដបានបន្តកើនឡើងយ៉ាងគំហុកក្នុងប្រទេសកូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ក្រោមច្បាប់នៃការបោះឆ្នោតបច្ចុប្បន្ននេះ សម្រាប់អ្នកដែលបានឆ្លងកូវីដ-១៩ ក្រោយពីថ្ងៃទី៤ និងទី៥ មីនា ដែលជាអំឡុងពេលគេអនុញ្ញាតជូនអ្នកដែលត្រូវបោះឆ្នោតមុនកាលកំណត់នោះ នឹងមិនអាចធ្វើការបោះឆ្នោតបាននោះទេ ហើយចំណែកឯអ្នកដែលត្រូវធ្វើចត្តាឡីស័កចន្លោះមុនថ្ងៃទី៩ ខែមីនា ដែលជាថ្ងៃបោះឆ្នោតនោះ ក៏នឹងមិនអនុញ្ញាតឱ្យបោះឆ្នោតបាននោះដែរ។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញនៅគណៈកម្មការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េ អ្នកដែលមានជំងឺកូវីដ និងអ្នកដែលជាប់ចត្តាឡីស័កនឹងមិនអាចមានលទ្ធភាពពេញលេញទៅធ្វើការបោះឆ្នោតបាននោះទេ ដូចនេះគេត្រូវការស្វែងរកដំណោះស្រាយសមស្រប។
បើតាមការអនុវត្តបច្ចុប្បន្ន អ្នកដែលឆ្លងវិជ្ជមានកូវីដ១៩អាចធ្វើការបោះឆ្នោតតាមប្រអប់សំបុត្របាន ក្នុងករណីដែលពួកគេស្នើសុំធ្វើការបោះឆ្នោតតាមប្រអប់សំបុត្រមុនចន្លោះពីថ្ងៃពុធសប្តាហ៍ក្រោយនេះទៅ រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈខាងមុខនេះ។ ហើយសម្រាប់អ្នកដែលបានឆ្លងកូវីដ-១៩ ក្រោយពីថ្ងៃទី១៣ ខែកុម្ភៈ អាចធ្វើការបោះឆ្នោតនៅតាមទីតាំងបោះឆ្នោតដែលគេរៀបចំពិសេស នៅតាមមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺ នៅអំឡុងពេលដែលគេអនុញ្ញាតឱ្យបោះឆ្នោតមុននៅថ្ងៃទី៤ និង៥ ខែមីនា។
យ៉ាងណាមិញ សម្រាប់អ្នកដែលបានតេស្តវិជ្ជមានកូវីដ ក្រោយពីថ្ងៃបោះឆ្នោតមុននៅថ្ងៃទី៤ និងទី៥ មីនា គឺគេមិនទាន់មានវិធីសាស្រ្តដោះស្រាយបាននោះទេ ដោយសារតែគេនឹងមិនទាន់អនុញ្ញាតឱ្យមានទីតាំងបោះឆ្នោតដែលគេរៀបចំពិសេស នៅតាមមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺនៅថ្ងៃបោះឆ្នោត ទី៩ ខែមីនា នោះទេ។
ក្នុងនោះដែរ គណៈកម្មការជាតិរៀបចំការបោះឆ្នោតរបស់កូរ៉េ ក៏នឹងកំពុងរកដំណោះស្រាយសម្រាប់អ្នកដែលត្រូវប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដផងដែរ ដោយសារតែអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ គឺត្រូវធ្វើចត្តាឡីស័កខ្លួនឯងដល់ទៅ ៧ថ្ងៃ។ ដូចនេះប្រសិនបើរយៈពេលដែលពួកគេធ្វើចត្តាឡីស័កនេះ ចំពេលដែលថ្ងៃបោះឆ្នោតទី៩ ខែមីនានោះ ពួកគេក៏នឹងមិនអាចមកបោះឆ្នោតដោយផ្ទាល់ដល់ទីតាំងមណ្ឌលបោះឆ្នោតផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៩ ខែមីនាខាងមុខ តែសម្រាប់អ្នកដែលមានធុរកិច្ច ឬក្រោមលក្ខខណ្ឌផ្សេងៗដែលមិនអាចមកបោះឆ្នោតផ្ទាល់នៅថ្ងៃទី៩ ខែមីនាបាន គេនឹងត្រូវអាចបោះឆ្នោតតាមវិធីសាស្រ្តផ្សេងៗមុន នៅថ្ងៃទី៤ និងទិ៥ ខែមីនា ផងដែរ។