កូរ៉េខាងត្បូង៖ វិធានការគម្លាតសង្គមដែលកំពុងអនុវត្តនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះ នឹងត្រូវបន្តអនុវត្តរយៈពេលបន្ថែម២សប្តាហ៍ទៀត ខណៈដែលប្រទេសកូរ៉េខាងត្បូងកំពុងត្រូវបានវាយលុកខ្លាំងពីសំណាក់មេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង នេះបើតាមការបញ្ជាក់នៅព្រឹកថ្ងៃសុក្រនេះដោយលោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង គីម បូឃ្យ៉ុម (Kim Boo-kyum)។
បើតាមការបញ្ជាក់ វិធានការគម្លាតសង្គមដែលរដ្ឋាភិបាលកូរ៉េបានដាក់ឱ្យអនុវត្តតាំងពីថ្ងៃទី១៧ ខែមករា កន្លងមកនោះ ហើយត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃអាទិត្យនេះនោះ ឥឡូវនេះនឹងត្រូវពង្រឹង និងបន្តអនុវត្តគម្លាតសង្គមបន្តទៀតរហូតដល់ថ្ងៃទី ២០ខែកុម្ភៈខាងមុខនេះ ដែលវិធានការគម្លាតសង្គមនេះ នឹងអនុញ្ញាតឱ្យមានការជួបជុំឯកជនបានត្រឹមរហូតដល់ ៦ នាក់ត្រឹមម៉ោង ៩ យប់ ដែលជាបម្រាមដាក់លើម៉ោងប្រតិបត្តិការបស់ភោជនីយដ្ឋាន និងហាងកាហ្វេ។
សូមបញ្ជាក់ថា ករណីផ្ទុកមេរោគប្រចាំថ្ងៃរបស់ប្រទេសកូរ៉េបាននឹងកំពុងបន្តកើនឡើងខ្ពស់បំផុត ជាមួយនឹងចំនួនចុងក្រោយបំផុតលើសពី២០០០០ ករណីប៉ុន្មានថ្ងៃជាប់គ្នាមកហើយ ខណៈដែលមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី អូមីក្រុង បានក្លាយជាប្រភេទមេរោគលេចធ្លោបំផុតនៅក្នុងប្រទេស។
ដើម្បីទប់ស្កាត់ការកើនឡើងនៃករណីឆ្លងមេរោគកូរ៉ូណាដែលកាន់តែធ្ងន់ធ្ងរនេះ រដ្ឋាភិបាលកូរ៉េក៏បានសម្រេចចិត្តដាក់វិធានការថ្មី ដោយអនុញ្ញាតបន្ថយអាយុសម្រាប់អ្នកដែលមានសិទ្ធិទទួលបានថ្នាំព្យាបាលកូវីដ-១៩ ពី៦០ឆ្នាំ មកនៅត្រឹម៥០ឆ្នាំវិញ ចាប់អនុវត្តពីថ្ងៃចន្ទនេះទៅ។