កូរ៉េខាងត្បូង៖ រយៈពេលជាង២សប្តាហ៍មកហើយ ដែលលិខិតឆ្លងដែនប្រភេទថ្មី លិខិតឆ្លងដែនពណ៌ខៀវ របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងចាប់ផ្តើមដំណើរការដាក់ឱ្យប្រជាជនខ្លួនប្រើប្រាស់ តែយ៉ាងណាមិញ ចាប់ពីបន្តិចទៀតនេះទៅ ប្រជាជនកូរ៉េខាងត្បូងមួយចំនួន នឹងមិនមានសិទ្ធិប្រើប្រាស់លិខិតឆ្លងដែនប្រភេទថ្មីនេះទេ បើតាមច្បាប់ថ្មីដែលកំពុងត្រូវបានពិនិត្យបច្ចុប្បន្ននេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Korea Times បានឱ្យដឹងថា ច្បាប់ថ្មីរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងដែលកំពុងត្រូវបានកែប្រែ និងកំពុងត្រូវបានពិនិត្យនោះ នឹងកំណត់ហាមឃាត់មិនឱ្យបោះពុម្ភលិខិតឆ្លងដែនប្រភេទថ្មីសម្រាប់ប្រជាជនកូរ៉េខាងត្បូងណា ដែលធ្លាប់មានប្រវត្តិបាត់លិខិតឆ្លងដែនចាស់របស់ខ្លួន ៣ដង ឬច្រើនជាងនេះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់តាំងពីបានធ្វើថ្មីមក។ ហើយចំណែកអ្នកដែលបានធ្វើឱ្យបាត់លិខិតឆ្លងដែន ដល់ទៅ២ដង ឬច្រើនជាងនេះក្នុងមួយឆ្នាំ ចាប់តាំងពីបានធ្វើថ្មីមក ក៏នឹងត្រូវចាត់ចូលជាក្រុមពិសេសផងដែរ។ ប្រភេទទាំងពីរនេះ នឹងត្រូវអាជ្ញាធរចេញលិខិតឆ្លងដែរនពណ៌បៃតងចាស់ដដែល ដែលនឹងផុតកំណត់ក្នុងរយៈពេល២ឆ្នាំ។
ច្បាប់ថ្មីដែលមានចែងដូចបានរៀបរាប់ខាងលើនេះ បច្ចុប្បន្នកំពុងត្រូវបានក្រសួងជំនាញពិនិត្យលើទិដ្ឋភាពច្បាប់ ហើយនៅពេលដែលត្រូវបានអនុម័ត នឹងត្រូវដាក់ឱ្យដំណើរការរយៈពេល៣ឆ្នាំខាងមុខ។
សូមបញ្ជាក់ថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានចេញលិខិតឆ្លងដែនប្រភេទថ្មី មានគម្របពណ៌ខៀវ កាលពីថ្ងៃទី២១ មករា ២០២២នេះ ហើយលិខិតឆ្លងដែនថ្មីនេះប្រើប្រាស់សារធាតុពិសេស ប៉ូលីកាបូណាត (polycarbonate) និងស្លាកសញ្ញាដោយឡាសឺ (laser mark) នៅលើទំព័រព័ត៌មានបុគ្គល ដើម្បីបង្កើនភាពធន់ប្រើប្រាស់បានយូរ និងឱ្យមានសុវត្ថិភាពជាងមុនផងដែរ។ លិខិតឆ្លងដែនថ្មីនេះ ក៏នឹងមាន២ប្រភេទផ្សេងៗគ្នា ដោយប្រភេទទី១ នឹងផុតកំណត់សុពលភាពក្នុងរយៈពេល៥ឆ្នាំ និងប្រភេទមួយទៀត នឹងផុតកំណត់សុពលភាពក្នុងរយៈពេល ១០ឆ្នាំ។ ចំណែកឯលិខិតឆ្លងដែនចាស់សព្វថ្ងៃនេះ ដែលមានគម្របពណ៌បៃតង សម្រាប់សន្លឹកនេះគឺប្រើប្រាស់ក្រដាសធម្មតា។
បើតាមការបញ្ជាក់របស់ក្រសួងការបរទេស គឺក្រសួងនឹងនៅបន្តប្រើប្រាស់លិខិតឆ្លងដែនប្រភេទចាស់ គម្របបៃតងនេះទៀតសិន ដោយសារតែរដ្ឋាភិបាលនៅសល់ប្រភេទចាស់នេះក្នុងស្តុកច្រើន ហើយច្បាប់ថ្មីដែលគេកំណត់នេះ នឹងអនុវត្តរហូតដល់ប្រភេទលិខិតឆ្លងដែនចាស់ គម្របបៃតង នេះត្រូវបានបោះពុម្ភ ប្រើប្រាស់អស់សិន ទើបគេនឹងចាប់ផ្តើមប្រើប្រាស់លិខិតឆ្លងដែនប្រភេទថ្មីទាំងស្រុងតែម្តង។
សូមបញ្ជាក់ដែរថា លិខិតឆ្លងដែនប្រភេទចាស់ ដែលប្រជាជនកូរ៉េកំពុងកាន់ក្នុងដៃប្រើប្រាស់បច្ចុប្បន្ននេះ គឺត្រូវបានដាក់ឱ្យប្រើប្រាស់តាំងពិឆ្នាំ១៩៩៨មកម្លេះ។