ចែករំលែក! និស្សិតបរទេសដែលត្រូវទៅសិក្សានៅកូរ៉េខាងត្បូង បើអាច ត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យហើយសិនមុនមកដល់ប្រទេសកូរ៉េខាងត្បូង ដោយសារតែហេតុផលធំ ១ នេះ

កូរ៉េខាងត្បូង៖ និស្សិតបរទេសដែលមានបំណងចង់មកសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង តាមសាកលវិទ្យាល័យនានាសម្រាប់ឆ្នាំនេះ នឹងត្រូវតម្រូវឱ្យបំពេញលក្ខខណ្ឌដោយចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានពេញលេញសិន មុននឹងចូលមកដល់ប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំកូរ៉េនៅថ្ងៃព្រហស្បតិ៍នេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News សេចក្តីប្រកាសនេះត្រូវបានប្រកាសដាក់ចេញដើម្បីអាចបង្ការការចម្លងនៃមេរោគកូវីដបម្លែងខ្លួនថ្មី អូមីក្រុង និងមេរោគកូវីដបម្លែងខ្លួនដទៃទៀតពីបរទេស ដែលអាចយកមកចម្លងដល់សហគមន៍ និងប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងវិញ។

ក្នុងនោះដែរ និស្សិតបរទេសដែលមកកូរ៉េខាងត្បូង នឹងត្រូវតម្រូវឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីធ្វើចត្តាឡីស័កខ្លួនឯង រយៈពេល១០ថ្ងៃ និងអាចប្រើប្រាស់យានយន្តផ្ទាល់ខ្លួន ឬយានយន្តដែលត្រូវត្រៀមសម្រាប់ពួកគេដើម្បីធ្វើដំណើរទៅដល់កន្លែងស្នាក់នៅផងដែរ។ ក្នុងនោះដែរ ក្រសួងអប់រំតម្រូវឱ្យនិស្សិតបរទេសត្រូវបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមាន (តេស្តតាមបែប PCR) ក្នុងរយៈពេល៤៨ម៉ោង ក្រោយពេលបានមកដល់ប្រទេសកូរ៉េខាងត្បូងផងដែរ និងនៅពេលដែលដល់ពេលបញ្ចប់ចត្តាឡីស័ក។

ហើយសម្រាប់និស្សិតបរទេសដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញហើយចូលមកដល់ប្រទេសកូរ៉េខាងត្បូង អាជ្ញាធរតាមមូលដ្ឋាននិងសាកលវិទ្យាល័យរបស់និស្សិតនោះ នឹងត្រូវផ្តល់ការឧបត្ថម្ភ និងការទំនុកបម្រុងនានា ដើម្បីអាចឱ្យនិស្សិតទាំងនោះចាក់វ៉ាក់សាំងកូវីដ ក្រោយពេលដែលបញ្ចប់ការធ្វើចត្តាឡីស័កផងដែរ។ សម្រាប់និស្សិតបរទេស អាចអនុញ្ញាតឱ្យធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងបាន ទាល់តែនិស្សិតនោះបានរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័កដាច់ដោយឡែកជាមុនសិន ហើយនៅពេលដែលសាកលវិទ្យាល័យបានរៀបចំកាលវិភាគសិក្សាក្នុងថ្នាក់រៀនផ្ទាល់ហើយជាមុនសិនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *