កូរ៉េខាងត្បូង៖ ថ្ងៃទី២៥ មករា ម្សិលមិញនេះ ក្រសួងយុត្តិធម៌ប្រទេសកូរ៉េបានចេញសេចក្តីប្រកាសថ្មីសំរាប់អ្នកខុសច្បាប់ បើតាមការចែករំលែកពីទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ។ សេចក្តីប្រកាសនេះមានខ្លឹមសារសំខាន់ៗចំនួន២ចំណុច៖
1-អ្នកខុសច្បាប់ដែលបានចាក់វ៉ាក់សាំងលេីកទី៣ (ដូសជំរុញ)ត្រឹមថ្ងៃទី ៣០ មេសា ឆ្នាំ២០២២ អាចរាយការណ៍ចាកចេញដោយស្មគ្រចិត្ត ត្រឹមថ្ងៃទី ៣១ តុលាឆ្នាំ២០២២ ដោយមិនមានផាកពិន័យ និងមិនហាមឃាត់ការត្រឡប់ចូលមកវិញ ។
2-អ្នកខុសច្បាប់បានចាក់វ៉ាក់សាំងលេីកទី២គ្រប់ចំនួនត្រឹមថ្ងៃទី២៨ កុម្ភ: ឆ្នាំ២០២២ និងរាយការណ៍ចាកចេញស្មគ្រចិត្តត្រឹមថ្ងៃទី៣០ មេសា ឆ្នាំ២០២២ នឹងមិនមានទទួលការផាកពិន័យ និងមិនហាមឃាត់ការត្រឡប់ចូលប្រទេសកូរ៉េនោះទេ។
តាមតួរលេខត្រឹមថ្ងៃទី២៤ មករា ឆ្នាំ២០២២ អ្នកខុសច្បាប់ដែលបានចាក់វ៉ាក់សាំងលេីកទី១ មានចំនួន ៨៩.៩% លេីកទី២ ចំនួន៨៧.៥% ឃេីញថាការលេីកទី២មានចំនួនតួលេខខ្ពស់ ។
ប៉ុន្តែថ្មីៗនេះ ដោយសារវីរុសបំលែងខ្លួនអូមីក្រុងឆ្លងលឿនរហ័ស និងអត្រាអ្នកឆ្លងថ្មីកេីនឡេីង ចំណែកឯអ្នកខុសច្បាប់ចាក់ដូសទី៣ មានចំនួនតែ៣៦.១%ប៉ុណ្ណោះ ។ ក្រសួងយុត្តិធម៌បានលេីកទឹកចិត្តអោយអ្នកខុសច្បាប់ចាក់ដូសទី៣អោយបានគ្រប់គ្នាដេីម្បីទប់ស្កាត់វីរុសបំលែងខ្លួនថ្មី លេីកលែងផាកពិន័យ និងមិនហាមឃាត់ចូលប្រទេសកូរ៉េ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងរកឃើញករណីឆ្លងថ្មីដល់ទៅ ១៣០១២ករណី ជាករណីឆ្លងកូវីដវិជ្ជមានថ្មីច្រើនបំផុតហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា បច្ចុប្បន្ននេះមេរោគកូវីដបម្លែងខ្លួនថ្មី អូមីក្រុង បានក្លាយជាមេរោគបម្លែងខ្លួនកូវីដដែលកំពុងវាយលុកក្នុងប្រទេសខ្លាំងជាងគេហើយ។