កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងត្រូវបានគេព្យាករណ៍ថាបានកើនឡើងដល់ទៅ៤% ក្នុងឆ្នាំ២០២១កន្លងមក ដែលទំហំនៃការកើនឡើងនេះជាកំណើនខ្ពស់បំនផុតក្នុងរយៈពេល១១ឆ្នាំចុងក្រោយនេះ បើតាមការបញ្ជាក់របស់ធនាគារកណ្តាលកូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ។
កំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងមានកម្រិតខ្ពស់ជាងឆ្នាំ២០២០ ដែលមានកាលនោះមានការថយចុះសេដ្ឋកិច្ចដល់ទៅ ០.៩% ខណៈពេលដែលការចំណាយក្នុងស្រុកថយចុះខ្លាំង និងការនាំចេញទៅក្រៅប្រទេសថយចុះខ្លាំង ចំពេលដែលជំងឺរាតត្បាតកូវីដកំពុងតែផ្ទុះខ្លាំងនោះ។
កំណើនសេដ្ឋកិច្ចប្រមាណជាង៤%នេះ ត្រូវបានគេកត់សម្គាល់ថាជាកំណើនខ្ពស់ជាងគេតាំងពីឆ្នាំ២០១០មក ដែលកាលនោះសេដ្ឋកិច្ចកូរ៉េខាងត្បូងបានកើនដល់ទៅ ៦.៨%។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះ ៤% នេះក៏សម្រេចបានទៅតាមការព្យាករណ៍ទុកមុនរបស់ធនាគារជាតិកូរ៉េខាងត្បូងផងដែរ ដែលគ្រោងទុកមុនថានឹងអាចកើនក្នុងចន្លោះ៤%នេះដែរ។
សម្រាប់ឆមាសទី៤ នៃឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកូរ៉េខាងត្បូងបានកើនឡើង ១.១% ហើយកត្តាចម្បងដែលនាំឱ្យសេដ្ឋកិច្ចមានការកើនឡើងវិញយ៉ាងដូច្នេះគឺដោយសារតែ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកមានកំណើនឡើងវិញ និងសកម្មភាពនាំចេញទៅក្រៅប្រទេសមានការកើនឡើងដែរនោះ ដែលនាំឱ្យសេដ្ឋកិច្ចទាំងមូលកើនឡើង។
ជាផ្នែក ការបញ្ជាទិញឯកជនក្នុងស្រុកបានកើនឡើងដល់ទៅ ៣.៦% កាលពីឆ្នាំ២០២១ ដែលកើនពីឆ្នាំ២០២០ ដែលកាលនោះមានការថយចុះដល់ទៅ ៥%។ រីឯការវិនិយោគវិញកើនឡើង ៨.៣% ធៀបទៅនឹងឆ្នាំ២០២០ ដែលមានការកំណើនត្រឹមតែ ៧.១%។ ការនាំចេញវិញកើនឡើងបានដល់ ៩.៧% ធៀបនឹងឆ្នាំ២០២០ដែលមានការថយចុះដល់ទៅ ១.៨% ទៅវិញនោះ រីឯការនាំចូលវិញកើនឡើង ៨.៤%ដូចគ្នា ធៀបទៅនឹងឆ្នាំ២០២០ ដែលមានការថយចុះ ៣.៣%។