ក្រោយឆាបឆេះអស់ជាង ២២ម៉ោង ទីបំផុតអគ្គីភ័យនៅទីតាំងរោងចក្រផលិតអំបោះនៅតំបន់អ៊ុលសាន ត្រូវបានពន្លត់ទាំងស្រុងហើយ

កូរ៉េខាងត្បូង៖ អគ្គីភ័យមួយដែលឆាបឆេះនៅរោងចក្រកែច្នៃសរសៃអំបោះនៅតំបន់អ៊ុលសាន ដែលបានឆាបឆេះអស់ជាង ២២ម៉ោងតាំងពីថ្ងៃម្សិលមិញមកនោះ ពេលនោះត្រូវបានអាជ្ញាធរអាចគ្រប់គ្រង និងពន្លត់បានទាំងស្រុងហើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News របស់កូរ៉េខាងត្បូង។

អគ្គីភ័យនេះបានចាប់ផ្តើមឆាបឆេះតាំងពីថ្ងៃអាទិត្យម្សិលមិញចេញពីជាន់ក្រោមដីនៃអាគាររោងចក្រកម្ពស់៧ជាន់របស់ក្រុមហ៊ុន Hyosung TNC Corp. ដែលជារោងចក្រផលិតសរសៃអំបោះនៅតំបន់អ៊ុលសាន តាំងពីម៉ោង៦:៥៥ល្ងាចម្សិលមិញ។ បើតាមការបញ្ជាក់របស់អាជ្ញាធរកូរ៉េខាងត្បូង អគ្គីភ័យនេះឆាបឆេះដល់ម៉ោង ៤:៥០លា្ងចថ្ងៃចន្ទនេះ ទោះបានគេពន្លត់អណ្តាតភ្លើងបានទាំងស្រុង។

នៅក្នុងហេតុការណ៍អគ្គីភ័យនេះ គេមិនមានរាយការណ៍ពីគ្រោះថ្នាក់ណាមួយដែលបង្កឱ្យប៉ះពាល់ដល់អាយុជីវិតនោះទេ តែមានកម្មករ២នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែបានស្រូបយកផ្សែងអគ្គីភ័យនេះខ្លាំងពេក។ យ៉ាងណាមិញ ចំពោះមូលហេតុចម្បងដែលបង្កឱ្យមានអគ្គីភ័យនេះកើតឡើងគេមិនទាន់អាចកំណត់បាននោះទេ ដោយអាជ្ញាធរបានបញ្ជាក់ថានឹងធ្វើការស៊ើបអង្កេតបន្តទៀតសិន។

មូលហេតុដែលបង្កឱ្យអគ្គីភ័យនេះឆាបឆេះ គ្រប់គ្រងសឹងមិនបានដល់ទៅជាង២២ម៉ោង គឺដោយសារតែមានខ្យល់បក់ខ្លាំង ហើយបង្កឱ្យអណ្តាតភ្លើងឆាបឆេះដល់ដំបូលខាងលើអាគារ និងឃ្លាំងអាគារនៅក្បែរនោះ ដែលមានស្តុកនូវសម្ភារៈងាយឆាបឆេះដទៃទៀតផងដែរ។

ក្នុងហេតុការណ៍នេះ គេប្រើប្រាស់កម្លាំងអ្នកពន្លត់អគ្គីភ័យដល់ទៅជាង ៦៦០នាក់ ម៉ាស៊ីនពន្លត់អគ្គីភ័យ រថយន្តពន្លត់អគ្គីភ័យ និងឧម្ភាគចក្រដល់ទៅ ៨៤គ្រឿង ដើម្បីអាចមកពន្លត់អណ្តាលភ្លើងនេះបានទាំងស្រុង និងមានការចូលរួមពីកម្លាំងអាជ្ញាធរនៅតំបន់ជុំវិញដូចជាមកពីប៊ូសាន និងខេត្តក្យ៉ុងណាមផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *