កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់សត្វមាន់ជាង ៥០ម៉ឺនក្បាល នៅក្នុងកសិដ្ឋានចំនួន២កន្លែង នឹងត្រូវអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងសម្រេចសម្លាប់ចោល ក្រោយសង្ស័យថាអាចមានជាប់ពាក់ព័ន្ធនឹងជំងឺផ្តាសាយបក្សី (H5N1) នេះបើតាមការបញ្ជាក់របស់ក្រសួងកសិកម្មកូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា អាជ្ញាធរបានរកឃើញថាមានករណីផ្តាសាយបក្សី ២ ករណី រាយការណ៍ចេញពីកសិដ្ឋានចិញ្ចឹមមាន់២កន្លែងនៅតំបន់ហ្វាសុង ប្រមាណជាង ៤០គីឡូម៉ែត្រពីសេអ៊ូល។
ករណីផ្តាសាយបក្សីនេះ ជាករណីផ្តាសាយបក្សីទី២៤ ហើយនៃមេរោគផ្តាសាយបក្សី (H5N1) ដែលគេរកឃើញឆ្លងនៅតាមកសិដ្ឋានចិញ្ចឹមមាន់នៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា ២០២១ នេះមក។
ប្រភេទមេរោគផ្តាសាយបក្សី (H5N1) នេះ ជាប្រភេទមេរោគដែលងាយឆ្លងបានយ៉ាងលឿនក្នុងចំណោមកសិដ្ឋានចិញ្ចឹមបក្សី ដែលអាចបង្កឱ្យសត្វបក្សីដែលឆ្លងឈឺ និងងាប់យ៉ាងងាយ។
គិតមកដល់ថ្ងៃនេះ មានសត្វបក្សីដល់ទៅជាង៣០លានក្បាលហើយដែលត្រូវបានអាជ្ញាធរសុខាភិបាលធ្វើសត្តឃាតសម្លាប់ចោល ក្រោយពីការផ្ទុះរកឃើញករណីឆ្លងនៃមេរោគនេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ និងចន្លោះពីខែមេសា ឆ្នាំ២០២១មុននេះមក។
បើតាមទិន្នន័យផ្តល់ដោយស្ថាប័នស្ថិតិកូរ៉េ បានឱ្យដឹងថាចន្លោះពីខែចុងខែធ្នូឆ្នាំ២០២១មុននេះ ចំនួនសត្វមាន់ចិញ្ចឹមយកពងនៅកសិដ្ឋានមានដល់ទៅ ៧២.៦១លានក្បាល កើនប្រមាណជាង ៣ម៉ឺនក្បាលធៀបនឹងឆ្នាំ២០២០។