ពលករខ្មែរមួយរូបមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរ បានត្រឡប់មកកម្ពុជាដោយសុវត្ថិភាព ក្រោមការជួយជ្រោមជ្រែងពីស្ថានទូតខ្មែរនៅកូរ៉េ ក្រសួងការងារ និងស​ប្បុរសជន

ភ្នំពេញ៖ លោក ថុល ពិទូ ពលករខ្មែរនៅកូរ៉េដែលមានជម្ងឺប្រចាំកាយធ្ងន់ធ្ងរនៅប្រទេសកូរ៉េ បានមកដល់ប្រទេសកម្ពុជាដោយសុវត្ថិភាពហើយ កាលពីយប់ថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមការជួយជ្រោមជ្រែងពីស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងសេអ៊ូល រួមជាមួយនឹងព្រះតេជគុណ ពៅ សុភ័ភ្រ្ភ បុគ្គលិកមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី។

ដោយមានអាការៈជម្ងឺធ្ងន់ធ្ងរ ស្ថានឯកអគ្គរាជទូតកម្ពុជា រួមនឹងព្រះតេជគុណ ពៅ សុភ័ភ្រ្ភ បុគ្គលិកមជ្ឈមណ្ឌលព្រះពុទ្ធសាសនាគូមី បានជួយជ្រោមជ្រែង និងសម្របសម្រួល ការធ្វើលិខិតស្នាមរដ្ឋបាល និងចូលរួមចំណែកឧបត្តម្ភថវិកាមួយចំនួន ដើម្បីសម្រួលដល់លោក ថុល ពិទូ អាចត្រឡប់មកកម្ពុជាវិញបាន។

ក្នុងនោះដែរ ស្ថានទូតក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការយ៉ាងរលូនជាមួយក្រុមការងារក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កលក្ខណៈដោយបានមកទទួលពលករខ្មែរយើងដោយផ្ទាល់នៅក្នុងយន្តហោះ និងផ្តល់មធ្យោបាយដឹកជញ្ចូនដល់លោក ថុល ពិទូ ទៅកាន់មន្ទីពេទ្យរុស្ស៊ីដើម្បីទទួលបានការព្យាបាលបន្ត និងបានជួបជុំក្រុមគ្រួសារ។

អាចជាមេរៀនមួយដ៏សំខាន់ដែរ សូមបងប្អូនខ្មែរ ដែលនៅកូរ៉េ ទាំងអស់មេត្តាថែទាំសុខភាពឱ្យបានហ្មត់ចត់ ហើយពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីពេទ្យឱ្យបានរួសរាន់ទាន់ពេលវេលា។

សូមជូនពរដល់លោក ថុល ពិទូ ឱ្យជាផុតចាកឆ្ងាយពីជម្ងឺ និងបានធូរស្បើយឡើងវិញក្នុងពេលឆាប់ៗខាងមុខ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *