កូរ៉េខាងត្បូង៖ អំឡុងពេលកូវីដវាយលុកខ្លាំង ចំនួនអ្នកទិញសន្លឹកឆ្នោតផ្សងសំណាងនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ រហូតដល់ខ្ពស់ជាងកំណត់ត្រាឆ្នាំមុនៗទាមងងស់ នេះបើតាមការបញ្ជាក់ដោយតួលេខចេញផ្សាយកាលពីថ្ងៃអង្គារនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថាក្នុងឆ្នាំ២០២១ ចំពេលដែលកំពុងផ្ទុះកូវីដ-១៩ ខ្លាំងនោះ ចំនួននៃការលក់នូវឆ្នោតផ្សងសំណាងនៅកូរ៉េខាងត្បូងមានដល់ទៅតម្លៃចំនួន ៥.៩៨ទ្រីលានវ៉ុន (ប្រមាណជាង ៥ពាន់លានដុល្លារ) ដែលតួលេខនេះកើនឡើងច្រើនគួរសមធៀបនឹងទំហំសន្លឹកឆ្នោតដែលលក់បានត្រឹមតែ ៥.៤២ទ្រីលានវ៉ុនកាលពីឆ្នាំ២០២០មក។
របាយការណ៍ទិន្នន័យចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចកូរ៉េខាងត្បូង បានឱ្យដឹងថាតួលេខនេះកើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៧មក ដែលកាលនោះមានទឹកប្រាក់លក់សន្លឹកឆ្នោតនេះត្រឹមតែ ៤.១៥ទ្រីលានវ៉ុន ហើយបានកើនដល់ ៤.៣៨ទ្រីលានវ៉ុនក្នុងឆ្នាំ២០១៨ និងបន្តកើនដល់ ៤.៧៩ទ្រីលានវ៉ុនក្នុងឆ្នាំ២០១៩។
បើគេគិតពីតួលេខនៃការកើនឡើងនេះ គឺអាចបណ្តាលមកពីការថមថយចុះនៃប្រភេទល្បែងស៊ីសងប្រភេទដទៃទៀត ដូចជាកាស៊ីណូ និងប្រណាំងសេះជាដើម ក្នុងអំឡុងពេលដែលកូវីដ-១៩ ផ្ទុះខ្លាំងនោះ និងព្រមទាំងដោយសារតែមតិសាធារណជនយល់ឃើញទស្សនៈវិជ្ជមានជាងមុនទៅលើការលេងសន្លឹកឆ្នោតនេះ។
នៅក្នុងឆ្នាំ២០២០ តួលេខបង្ហាញថាអ្នកលេងចាក់ឆ្នោតនេះមានដល់ទៅ ៤២.១% នៃចំនួនអ្នកលេងល្បែងស៊ីសងដទៃទៀតទាំងអស់ទូទាំងប្រទេសកូរ៉េខាងត្បូង ដែលកើនឡើងខ្លាំងធៀបនឹងឆ្នាំ២០១៩ ដែលចំនួនអ្នកលេងចាក់ឆ្នោតមានត្រឹមតែជាង ២១.២%ប៉ុណ្ណោះ នៃអ្នកលេងល្បែងស៊ីសងទាំងអស់។
ក្នុងចំណោមនោះដែរ តាមសម្រង់មតិមួយធ្វើឡើងកាលពីឆ្នាំ២០២១កន្លងទៅ បានរកឃើញថាជាទូទៅក្នុងចំណោមអ្នកដែលមានអាយុចាប់ពី ១៩ឆ្នាំឡើងទៅ មានដល់ទៅ ៧១.៨% ជាបុរសបានធ្លាប់ទិញសន្លឹកឆ្នោតចាក់ផ្សងសំណាងនេះ ហើយស្រ្តីវិញមានដល់ទៅ ៥៤% ដែលធ្លាប់បានទិញសន្លឹកចាក់ឆ្នោតនេះ។
បើគិតពីទស្សនៈយល់ឃើញចំពោះការចាក់ឆ្នោតវិញ មានដល់ទៅ ៧៣.៧% នៃប្រជាជនទូទៅមានទស្សនៈយល់ឃើញជាវិជ្ជមានមកលើការចាក់ឆ្នោត ដែលបានកើនឡើងពីតួលេខត្រឹមតែ ៦៦.៥% កាលពីឆ្នាំកន្លងទៅ។