ចែករំលែក! នៅកូរ៉េខាងត្បូងប៉ុន្មានខែខាងមុខនេះ ទិញភេសជ្ជៈ ឬកាហ្វេដាក់កំប៉ុងជ័រ នឹងត្រូវគិតលុយថែម តែគេអាចបានលុយនោះមកវិញ បើសិនធ្វើរឿងមួយនេះ

កូរ៉េខាងត្បូង៖ ចាប់ពីខែមិថុនាខាងមុខនេះទៅ នៅតាមភោជនីយដ្ឋាន ហាងភេសជ្ជៈ កាហ្វេក្នុងប្រទេសកូរ៉េខាងត្បូងនឹងត្រូវតម្រូវឱ្យអតិថិជនដែលចូលមកបញ្ជាទិញភេសជ្ជៈ ដាក់លុយកក់បន្ថែមសម្រាប់ការប្រើប្រាស់កំប័ុងជ័រប្លាស្ទិក ដែលជាវិធានការថ្មីដាក់ចេញដោយក្រសួងជំនាញកូរ៉េខាងត្បូង ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្នុងប្រទេសនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអង្គារនេះ។

ព័ត៌មាននេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ២០២២នេះទៅ អតិថិជនដែលបញ្ញាទិញភេសជ្ជៈនៅតាមហាងនានា រួមទាំងហាងកាហ្វេជាដើម នឹងត្រូវតម្រូវឱ្យបង់បន្ថែមប្រាក់ចន្លោះពី ២០០វ៉ុន (ប្រមាណ ០.១៧ ដុល្លារ) ទៅដល់ ៥០០វ៉ុន សម្រាប់កំប៉ុងជ័រប្លាស្ទិកមួយដែលទិញដាក់ភេសជ្ជៈចេញពីហាងទាំងនោះ នេះបើតាមការបញ្ជាករបស់ក្រសួងបរិស្ថានកូរ៉េខាងត្បូង។

ប្រាក់កក់នេះនឹងត្រូវប្រគល់ទៅឱ្យអតិថិជនវិញនៅពេលដែលអតិថិជនយកកំប៉ុងនោះមកដាក់នៅហាងវិញដើម្បីគេអាចយកទៅប្រើប្រាស់ច្នៃឡើងវិញបាន។ យ៉ាងហោចណាស់ នឹងមានហាងកាហ្វេ និងភោជនីយដ្ឋានដល់ទៅ ៣៨០០០ទីតាំងទូទាំងប្រទេស នឹងត្រូវអនុវត្ត​ប្រព័ន្ធដាក់ប្រាក់កក់សម្រាប់ថ្លៃកំប៉ុងជ័រនេះ បើតាមការបញ្ជាក់របស់ក្រសួងជំនាញ។

ក្នុងនោះដែរ នៅតាមទីតាំងភោជនីយដ្ឋានទាំងនេះ ក៏នឹងត្រូវហាមមិនឱ្យប្រើប្រាស់កំប៉ុងជ័រនៅតាមការបរិភោគអាហារផ្ទាល់ក្នុងហាងផងដែរ ខណៈដែលក្រសួងជំនាញក៏ជំរុញឱ្យហាងទាំងអស់នោះប្រើប្រាស់សម្ភារៈផ្សេងៗដូចជាកំប៉ុងជ័រទាំងនេះឡើងវិញផងដែរ សម្រាប់ការដឹកជញ្ជូន និងខ្ចប់អាហារនៅខាងក្រៅហាង។

សម្រាប់ទីតាំផ្សារទំនើបធំ ហាងទំនិញធំៗ និងហាងលក់នំប័ុងនានា ក៏នឹងត្រូវឈប់ប្រើប្រាស់ថង់ផ្លាស្ទិកចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខផងដែរ។ វិធានការដែលដាក់ចេញថ្មីនេះ គឺជាផ្នែកមួយនៃផែនការរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការទប់ស្កាត់កាកសំណល់ផ្លាស្ទិក និងកាត់បន្ថយសារធាតុកាបូនបំពុលក្នុងបរិយាកាសផងដែរ និងដើម្បីអាចឈានទៅសម្រេចបាននូវប្រព័ន្ធសេដ្ឋកិច្ចដែលមាននិរន្តរភាពនាពេលអនាគតខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *