កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងពិចារណាក្នុងការដាក់ចេញឱ្យមាននូវប្រភេទទិដ្ឋាការ (វីសារ) ប្រភេទថ្មី សម្រាប់ជនបរទេសដែលជាសហគ្រិន អ្នករកស៊ី ដែលការដាក់ចេញថ្មីនេះ អាចជាគោលនយោបាយដែលនឹងជំរុញដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របសរដ្ឋមន្ត្រីយុត្តិធម៌កូរ៉េខាងត្បូង។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ លោករដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះ ក្នុងឱកាសនៃកិច្ចប្រជុំតុមូលមួយរវាងបណ្តាអ្នករកស៊ីធំៗវិស័យឧស្សាហកម្ម របស់កូរ៉េខាងត្បូង និងអាល្លឺម៉ង់ នៅឯរដ្ឋធានីរបស់ប្រទេសអាល្លឺម៉ង់ បានលើកឡើងថាពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងធ្វើការពិនិត្យលើការបង្កើតឱ្យមានប្រភេទទិដ្ឋាការ (វីសារ) ថ្មីនេះសំដៅសម្រាប់ជនបរទេសជាសហគ្រិនករ និងអ្នករកស៊ី ដែលអាចចូលមកធ្វើការរកស៊ី និងរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្រោមទិដ្ឋាការថ្មីនេះបាន។
លោករដ្ឋមន្ត្រីបាននិយាយថា «ដើម្បីបង្កើនឱ្យប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្មថ្មីនៅកូរ៉េខាងត្បូងកាន់តែរីកចម្រើន កូរ៉េខាងត្បូងត្រូវការវត្តមានរបស់ជនបរទេសកាន់តែច្រើនទៀត ដើម្បីអាចមកចាប់ផ្តើមបង្កើតជាសហគ្រិនភាពនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងត្រូវតែដាក់ចេញផ្តល់ឱ្យមាននូវទិដ្ឋាការប្រភេទថ្មីនេះ ដើម្បីសម្រេចបានគោលដៅនេះ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់លម្អិតថែមថា បេក្ខភាពដែលស្នើសុំទិដ្ឋាការប្រភេទថ្មីនេះ ត្រូវបំពេញឱ្យគ្រប់លក្ខន្តិកៈនានា ព្រមទាំងទទួលបានការគាំទ្រពីសំណាក់សភាពាណិជ្ជកម្មផងដែរ នេះបើតាមអ្វីដែលគាត់បានលើកជាឧទាហរណ៍ត្រួសៗសិន។ សូមបញ្ចាក់ថា បច្ចុប្បន្ននៅក្នុងកូរ៉េខាងត្បូង គាត់បាននិយាយថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ជនបរទេសដែលមានកម្រិតសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ឬកម្រិតសញ្ញាបត្របណ្ឌិត ក្នុងវិស័យវិទ្យាសាស្រ្ត និងវិស័យវិស្វកម្ម អាចត្រូវអនុញ្ញាតឱ្យស្នាក់នៅរយៈពេលវែង ក្រោមការផ្តល់អនុសាសន៍ណែនាំគាំទ្រពីសំណាក់ប្រធានសាកលវិទ្យាល័យផងដែរ ដែលមានន័យថាពួកគេអាចមានឱកាសធ្វើការ និងបើកជាអាជីវកម្មផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។