កូរ៉េខាងត្បូង៖ ផ្នែកខាងមុខនៃអគារផ្ទះល្វែងខ្ពស់ដែលកំពុងសាងសង់នៅភាគនិរតីនៃទីក្រុងខ្វាងជូ បានដួលរលំកាលពីថ្ងៃអង្គារម្សិលមិញនេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់រងរបួស និងកប់រថយន្តប្រហែល១០គ្រឿងនៅក្រោមគំនរបាក់បែក នេះបើតាមការបញ្ជាក់របស់ប៉ូលីសនៅមូលដ្ឋាន និងចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ប៉ូលិសបាននិយាយថា ជញ្ជាំងផ្នែកខាងក្រៅនៃអគារផ្ទះល្វែងបានដួលរលំនៅការដ្ឋានសំណង់នៅភាគខាងលិចទីក្រុងខ្វាងជូ ចម្ងាយប្រមាណ៣៣០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូលនៅម៉ោងប្រហែល ៣:៤៦នាទីរសៀល។
មនុស្សបីនាក់ដែលជាប់នៅក្នុងកុងតឺន័រនៅកន្លែងកើតហេតុដែលបាក់រំលំអាគារនោះត្រូវបានជួយសង្គ្រោះ ហើយម្នាក់ក្នុងចំណោមពួកគេត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសម្រាប់ព្យាបាលរបួស។
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមស្វែងរកគំនរបាក់បែកសម្រាប់ជនរងគ្រោះផ្សេងទៀត។