កូរ៉េខាងត្បូង៖ អ្នកបើកបរយន្តហោះយោធាកូរ៉េខាងត្បូងម្នាក់បានបាត់បង់ជីវិត ក្រោយពីមានគ្រោះថ្នាក់លើអាកាសមួយដែលបានបណ្តាលឱ្យយន្តហោះយោធាខាងលើបានធ្លាក់ នៅចំភាគកណ្តាលប្រទេសកូរ៉េខាងត្បូង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមការចុះផ្សាយនេះបានឱ្យដឹងថា យន្តហោះយោធាដែលបានបុក និងធ្លាក់ក្នុងគ្រោះថ្នាក់នេះ បានកើតហេតុនៅតំបន់ភ្នំហ្វាសុង ប្រមាណ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ ម៉ោង១:៤៦នាទីរសៀល ក្រោយពីទើបនឹងហោះចេញមូលដ្ឋានកងទ័ពអាកាសនៅស៊ូវ៉ុនក្បែរនោះ នេះជាការបញ្ជាក់របស់មន្ត្រីយោធាអាកាស។ យន្តហោះដែលជួបគ្រោះថ្នាក់នេះ ជាប្រភេទម៉ូដែល F-5E។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកងទ័ពអាកាសកូរ៉េខាងត្បូងបានឱ្យដឹងថា នៅពេលដែលបានហោះឡើងទៅលើរួចហើយ ក៏មានលោតចេញនូវភ្លើងសញ្ញាព្រមានពីបញ្ហាម៉ាស៊ីនចេញពីស្លាបយន្តហោះឆ្វេង និងស្តាំ នៅម៉ោង១:៤៤នាទី ហើយនៅពេលនោះ យន្តហោះនោះក៏បានដាំក្បាលចុះមកក្រោមដល់បុកនឹងដីតែម្តង។ នៅក្នុងពេលនោះដែរ គេបញ្ជាក់ អ្នកបើកបរយន្តហោះនោះបានព្យាយាមរំដោះខ្លួនចេញពីយន្តហោះដែរ តែមិនអាចធ្វើបានទាន់ពេលវេលា។
កងទ័ពអាកាសកូរ៉េខាងត្បូងបានកំពុងនឹងរៀបចំក្រុមការងារពិសេសមួយដើម្បីធ្វើការស៊ើបអង្កេតទៅលើមូលហេតុជាក់ស្តែងដែលបង្កឱ្យមានគ្រោះថ្នាក់នេះឡើង។
យន្តហោះបានបុកនឹងដីវិញប្រមាណជាង១០០ម៉ែត្រពីភូមិដែលនៅក្បែរនោះ ហើយមិនមានការរាយការណ៍ពីករណីបាត់បង់ជីវិតណាមួយក្នុងចំណោមអ្នកភូមិនោះទេ ហើយយន្តហោះដែលបានជួបគ្រោះថ្នាក់នោះក៏មិនបានដឹកជញ្ជូនគ្រាប់ផ្ទុះនោះដែរ។
សូមបញ្ជាក់ថា កងទ័ពអាកាសកូរ៉េខាងត្បូងមានដំណើរការយន្តហោះយោធាម៉ូដែល F-5s នេះតាំងពីឆ្នាំ១៩៧០មកជាង ២០០គ្រឿង ដែលក្នុងនោះភាគច្រើនគឺឈប់ដំណើរការ និងខ្លះទៀតគ្រោងនឹងឈប់នៅពេលឆាប់ៗខាងមុខដែលហើយ ដោយសារវ័យចំណាស់ ហើយតាំងពីឆ្នាំ២០០០មក មានយន្តហោះប្រភេទ F-5s នេះដល់ទៅ១២គ្រឿងហើយដែលបានជួបគ្រោះថ្នាក់។ បច្ចុប្បន្ននេះ នៅសល់យន្តហោះប្រភេទនេះជាង ៨០គ្រឿង ហើយគ្រោងនឹងត្រូវឈប់ប្រើប្រាស់ពីឆ្នាំ២០៣០នេះទៅ។