កូរ៉េខាងត្បូង៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានផ្អាកឈប់អនុវត្តសិនចំពោះការទាមទារកាតចាក់វ៉ាក់សាំង ដើម្បីអាចចូលប្រើប្រាស់សាលារៀនគួរ និងទីតាំងអប់រំដទៃទៀត ក្រោយពីតុលាការបានចេញសេចក្តីសម្រេច ថាការអនុវត្តបែបនេះប៉ះពាល់ទៅលើសិទ្ធិក្នុងការទទួលបានការអប់រំ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអង្គារម្សិលមិញនេះបានឱ្យដឹងថា តុលាការរដ្ឋបាលសេអ៊ូលបានបញ្ជាឱ្យមានការផ្អាកសិននូវការអនុវត្តដែលតម្រូវឱ្យសិស្សបង្ហាញពីកាតចាក់វ៉ាក់សាំង មុននឹងអាចចូលទៅក្នុងទីតាំងសាលារៀន សាលារៀនគួរ និងទីតាំងអប់រំនានាទៀត ដោយសារតែមានការតវ៉ាពីសំណាក់អាណាព្យាបាល និងពីបណ្តាស្ថាប័នអប់រំនានាផងដែរនោះ។
កាលពីខែមុននេះ នៅពេលដែលវិធានការនេះត្រូវបានប្រកាសជាលើកដំបូង ក្រុមអាណាព្យាបាលសិស្ស និស្សិត និងបណ្តាទីតាំងស្ថាប័នអប់រំនានាបាននាំគ្នាតវ៉ាទៅនឹងបទបញ្ជាបែបនេះ ដោយបានលើកឡើងថាការអនុវត្តពិនិត្យកាតចាក់វ៉ាក់សាំងនៅតាមទីតាំងស្ថាប័នអប់រំទាំងនេះ នឹងអាចប៉ះពាល់ដល់សេរីភាពរបស់សិស្ស ក្នុងការទទួលបានការអប់រំ។
ជាមួយនឹងការតវ៉ានេះ តុលាការសេអ៊ូលបាននិយាយថាវិធានការនេះពិតជានឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការអប់រំ របស់សិស្សដែលមិនបានចាក់វ៉ាក់សាំង ទាំងនៅតាមសាលារៀនគួរ និងនៅសាលារៀន និងគ្រឹះស្ថានអប់រំដទៃទៀត។ ក្នុងនោះដែរ តុលាការក៏បានលើកហេតុផលថា ថ្មីៗចុងក្រោយនេះ ក៏មានករណីអ្នកដែលបានចាក់វ៉ាក់សាំងកូវីដរួចរាល់ហើយ នៅតែឆ្លងកូវីដជាច្រើនផងដែរ ដូចនេះ មិនចាំបាច់ដែលយកកត្តាចាក់វ៉ាក់សាំងនេះ មកធ្វើឱ្យប៉ះពាល់ដល់សិទ្ធិនៃការទទួលបានការអប់រំរបស់សិស្សនោះទេ។
យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េនឹងធ្វើការដាក់ប្តឹងបកទៅនឹងសេចក្តីសម្រេចនេះវិញ ដោយបានបញ្ជាក់ពីការសោកស្តាយចំពោះការកាត់សេចក្តីបែបនេះរបស់តុលាការ ដោយបានលើកឡើងថាការទាមទារកាតចាក់វ៉ាក់សាំងនេះ គែដើម្បីជាការបង្ការ និងការពារដល់អ្នកដែលមិនទាន់ចាក់វ៉ាក់សាំង និងដើម្បីទប់ស្កាត់កុំឱ្យប្រព័ន្ធសុខាភិបាលមានបន្ទុកខ្លាំងពេកផងដែរ។
សូមបញ្ជាក់ថា បើតាមការគ្រោងទុក រដ្ឋាភិបាលគ្រោងនឹងធ្វើការពង្រីកវិសាលភាពអនុវត្តការពិនិត្យកាតចាក់វ៉ាក់សាំងនេះ ចំពោះក្រុមយុវជនជំទង់ចាប់ពីខែមីនាខាងមុខនេះ ដែលបានបង្កឱ្យមានការតវ៉ាផងដែរពីបណ្តាអាណាព្យាបាលដែលថានេះជាការបង្ខំឱ្យកុមារមិនទាន់គ្រប់អាយុមកចាក់វ៉ាក់សាំង។