ដល់វ៉ាក់សាំងដូសទី ៤ ហើយ! ប្រទេសអ៊ីស្រាអែលចេញភ្លើងខៀវ ឱ្យចាក់វ៉ាក់សាំងកូវីដដូសទី៤ ដល់ក្រុមអ្នកហានិភ័យខ្លាំងជាងគេទៀតហើយ ខណៈករណីផ្ទុះអូមីក្រុង កើនឡើងខ្លាំង

អ៊ីស្រាអែល៖ អាជ្ញាធរសុខាភិបាលប្រទេសអ៊ីស្រាអែល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដូសទី៤ ជូនទៅប្រជាជនខ្លួនអាយុពី៦០ឆ្នាំឡើងទៅ និងក្រុមគ្រូពេទ្យទៀតហើយ ខណៈដែលចំនួននៃការផ្ទុះនៃមេរោគកូរ៉ូណាបម្លែងខ្លួនថ្មី «អូមីក្រុង» មានការកើនឡើងខ្លាំងនោះ។

ចុះផ្សាយក្នុងសារព័ត៌មាន Reuter ជាភាសាអង់គ្លេសបានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបោះជំហានទៅមុនមួយទៀតហើយ ដោយបានអនុញ្ញាតភ្លើងខៀវចំពោះការចាក់វ៉ាក់សាំងកូវីដដូសទី៤ របស់ក្រុមហ៊ុនអាមេរ៉ិក Pfizer និង BioNTech ហើយ ដើម្បីជាវ៉ាក់សាំងដូសជំរុញទី២ សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ជាងគេទៅនឹងជំងឺកូវីដ និងមនុស្សចាស់ដែលនៅតាមមណ្ឌលចាស់ជរាជាដើម។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានលើកបញ្ជាក់ថា «អ៊ីស្រាអែលនឹងដើរមុនគេជាថ្មីក្នុងការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងកូវីដនៅជុំវិញពិភពលោក»។ ក្នុងនោះដែរ កាលពីពេលថ្មីនេះ អគ្គនាយកជំនាញនៃក្រសួងសុខាភិបាលអ៊ីស្រាអែលបានបញ្ជាក់ថា ប្រទេសអ៊ីស្រាអែលនឹងអាចសម្រេចបង្កើតបានជាប្រព័ន្ធភាពស៊ាំសហគមន៍ នៅពេលខាងមុខ ដែលមេរោគថ្មី អូមីក្រុង វាយលុកដល់កម្រិតកំពូល ហើយស្របពេលដែលថ្នាំព្យាបាលកូវីដថ្មី molnupiravir របស់ក្រុមហ៊ុន Merck ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បាន លើអ្នកជំងឺអាយុ១៨ឆ្នាំឡើងទៅ។

សូមបញ្ជាក់ថា នៅពេលដែលគេនិយាយពីប្រព័ន្ធភាពស៊ាំសហគមន៍ គឺគេសំដៅដល់ពេលចំណុចមួយដែលប្រជាជនទាំងអស់ត្រូវបានការពាររួចពីការចម្លងមេរោគ ដោយសារតែការចាក់វ៉ាក់សាំងបានពេញលេញ ឬដោយសារតែមនុស្សទាំងអស់បានឆ្លងមេរោគរួច និងបង្កើតបានអង់ទីករក្នុងខ្លួនប្រឆាំងនឹងមេរោគនោះ។

ជាមួយនឹងវត្តមាននៃមេរោគកូរ៉ូណាថ្មី អូមីក្រុង ចំនួនឆ្លងឃើញមានការកើនឡើងយ៉ាងសម្បើមនៅជុំវិញពិភពលោក តែយ៉ាងណាមិញចំនួនករណីបាត់បង់ជីវិតនៅមានកម្រិតទាបនៅឡើយ បើប្រៀបទៅនឹងចំនួនអ្នកដែលបានឆ្លងមេរោគថ្មី «អូមីក្រុង» នេះ ក៏ដោយសារតែមេរោគថ្មីនេះ មិនគ្រោះថ្នាក់ដូចមេរោគកូរ៉ូណាបម្លែងខ្លួនមុនៗ។

Leave a Reply

Your email address will not be published. Required fields are marked *