កូរ៉េខាងត្បូង៖ នៅថ្ងៃចន្ទម្សិលមិញនេះ កូរ៉េខាងត្បូងមានករណីបាត់បង់ជីវិតដំបូងគេបង្អស់ដោយសារតែមេរោគកូរ៉ូណា ប្រភេទបម្លែងខ្លួន «អូមីក្រុង» ដំបូងគេបង្អស់ហើយ ក្រោយពីរលកថ្មីនៃមេរោគបម្លែងខ្លួននេះ បានមកដល់ប្រទេសកូរ៉េខាងត្បូងប៉ុន្មានសប្តាហ៍មកនេះ។
ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា ករណីដំបូងគេដែលបាត់បង់ជីវិតដោយសារកូរ៉ូណាបម្លែងខ្លួនថ្មីនេះ គឺជាអ្នកជំងឺកូវីដ ស្រ្តីម្នាក់អាយុ៩៨ឆ្នាំ ដែលស្នាក់នៅព្យាបាលនៅមណ្ឌលចាស់ជរានៅខ្វាងជូ ប្រមាណជាង៣៣០គីឡូម៉ែត្រពីសេអ៊ូល។ អ្នកជំងឺរូបនេះ ត្រូវបានរកឃើញថាវិជ្ជមានជាមួយមេរោគកូរ៉ូណាថ្មីនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នេះបើតាមការបញ្ជាក់របសទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) នៅថ្ងៃចន្ទនេះ។
មែនទែនទៅ អ្នកជំងឺរូបនេះត្រូវបានរកឃើញថាវិជ្ជមានកូវីដជាទូទៅតាំងពីថ្ងៃទី២៦ ខែធ្នូកន្លងមក និងបានបាត់បង់ជីវិតនៅថ្ងៃបន្ទាប់ ហើយលទ្ធផលធ្វើតេស្តទើបនឹងរកឃើញថាមេរោគកូរ៉ូណាជាប្រភេទ «អូមីក្រុង» នៅរយៈពេល៣ថ្ងៃក្រោយបាត់បង់ជីវិតប៉ុណ្ណោះ។
ក្នុងនោះបើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាល មានករណីអ្នកជំងឺវ័យចំណាស់ម្នាក់ទៀតអាយុ៩០ឆ្នាំ ដែលបានធ្វើតេស្តកូវីដវិជ្ជមាននៅថ្ងៃទី២៥ ខែធ្នូ និងបានបាត់បង់ជីវិតនៅថ្ងៃពុធសប្តាហ៍មុន ៤ថ្ងៃក្រោយមក ហើយគេសង្ស័យថាអ្នកជំងឺរូបនេះអាចនឹងមានវិជ្ជមានកូវីដបម្លែងខ្លួនថ្មី ពីកូរ៉ូណាប្រភេទ «អូមីក្រុង» នេះផងដែរ។ តែយ៉ាងណា លទ្ធផលធ្វើតេស្តមិនទាន់ត្រូវបានចេញនៅឡើយទេ។
បើតាមការបញ្ជាក់របស់អាជ្ញាធរដែរនោះ អ្នកជំងឺស្រ្តីដែលបានបាត់បង់ជីវិតដោយសារកូវីដទាំង២រូបនេះ មានស្ថានភាពជំងឺមហារីកផង ជំងឺសម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងជំងឺវង្វេងស្មារតីផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទទី៣ ខែមករា ២០២២ម្សិលមិញនេះ ករណីឆ្លងកូវីដ ជាប្រភេទបម្លែងខ្លួន «អូមីក្រុង» មានដល់ទៅ១១១ករណី ដែលនាំឱ្យករណីឆ្លងសរុបនៃ អូមីក្រុង មានដល់ទៅ ១៣១៨ករណី ហើយដែលករណីដំបូងបង្អស់ក្នុងប្រទេសកូរ៉េខាងត្បូងរកឃើញតាំងពីថ្ងៃទី១ ខែធ្នូ កន្លងមក។