ប្រជាជននៅក្រុងព្យុងថេកជាង ៦ម៉ឺននាក់ នឹងអាចទទួលបានប្រាក់សំណង ពីការបង្កឱ្យមានសម្លេងរំខានខ្លាំងចេញពីយន្តហោះយោធា មូលដ្ឋាននៅទីនោះ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ប្រជាជនអ្នករស់នៅទីក្រុងព្យុងថេក ប្រមាណដល់ទៅ ៦៣,០០០នាក់ នឹងទទួលបានសំណងប្រចាំខែពីរដ្ឋាភិបាលកូរ៉េ ទៅលើការប៉ះពាល់ដោយសារការបំពុលដោយសំឡេងដែលបង្កមកពីយន្តហោះយោធាដែលមានមូលដ្ឋាននៅក្នុងទីក្រុងព្យុងថេក នេះបើតាមការបញ្ជាក់របស់មន្រ្តីជំនាញនៅថ្ងៃចន្ទនេះ។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាននៃក្រុងព្យុងថេក ដែលស្ថិតនៅប្រមាណជាង ៧០គីឡូមែ៉ត្រពីទីក្រុងសេអ៊ូល បាននិយាយថា ប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខ្លួន រួមមានសង្កាត់ស៊ីនចាំង និងប៉េងសុង នឹងទទួលបានប្រាក់សំណងប្រចាំខែ ចាប់ពីខែសីហាឆ្នាំមុនមក ដោយអនុវត្តទៅតាមច្បាប់ដែលមានចែងពីការបំពុលដោយសំលេងពីបន្ទាយកងទ័ពនៅក្នុងតំបន់នោះ ដែលច្បាប់នេះបានចូលជាធរមានកាលពីឆ្នាំមុនមកនោះ។

ដូចនេះ ប្រជាជនកូរ៉េខាងត្បូង និងជនបរទេសដែលបានចុះឈ្មោះរស់នៅក្នុងតំបន់ទីក្រុងព្យុងថេកចន្លោះពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានកំណត់ដោយអាជ្ញាធរមូលដ្ឋានថានឹងទទួលបានប្រាក់ឧបត្ថម្ភនេះ នឹងអាចដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភសំណងនេះបាន ដែលប្រាក់សំណងប្រចាំខែនេះមានចំនួន ៦ម៉ឺនវ៉ុន (ប្រមាណជាង ៥០.៣០ ដុល្លារ) សម្រាប់មនុស្សម្នាក់ដែលរស់នៅតំបន់ដែលរងការបំពុលពីសំលេងដល់កម្រិតបច្ចេកទេស 95 wecpnl ឬខ្ពស់ជាងនេះ ហើយសម្រាប់អ្នកដែលស្ថិតនៅតំបន់ដែលមានកម្រិតបំពុលសម្លេងចន្លោះពី 95 wecpnl មកដល់ 90 wecpnl នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ម៉ឺន៥ពាន់វ៉ុន ហើយអ្នកដែលស្ថិតនៅតំបន់ដែលមានកម្រិតបំពុលសម្លេងចន្លោះពី 90 wecpnl មកដល់ 80 wecpnl នឹងទទួលបានប្រាក់ឧបត្ថម្ភ ៣ម៉ឺនវ៉ុន។

សូមបញ្ជាក់ថា កម្រិត wecpnl ជាកម្រិតនៃការវាស់សម្លេងរំខានពីអាកាស។ ក្រុមមន្ត្រីជំនាញបាននិយាយថា គណៈកម្មាធិការជំនាញនឹងពិចារណាទៅលើពាក្យសុំនីមួយៗ រួចហើយផ្តល់លទ្ធផលបញ្ជាក់ប្រាប់វិញនៅខែឧសភាខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *