សេអ៊ូល៖ ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ លោក ឡុង ឌីម៉ង់ បានធ្វើពិធីផ្ទេរតំណែងជូនទៅអគ្គរដ្ឋទូតសិង្ហបុរី លោក Eric Teo ជាប្រធានថ្មីនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងសេអ៊ូល ACS (ASEAN Committee in Seoul)។
ពិធីផ្ទេរតំណែងគណៈកម្មាធិការអាស៊ាននៅទីក្រុងសេអ៊ូល ACS នេះប្រារព្ធធ្វើឡើងនៅក្នុងស្ថានទូតកម្ពុជា នៅក្នុងទីក្រុងសេអ៊ូល ដោយមានការចូលរួមពីបណ្តាទូតរបស់ប្រទេសអាស៊ានទាំងអស់ នៅក្នុងប្រទេសកូរ៉េ។ ក្នុងនោះដែរ បណ្តាទូតអាស៊ានទាំងអស់ ក៏បានពិភាក្សាលើសកម្មភាពការងារនានាកន្លងមក និងផែនការសកម្មភាពសម្រាប់យកទៅអនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២០ ខាងមុខ ក្រោមការដឹកនាំរបស់ប្រធានប្តូរវេនថ្មីផងដែរ។
សូមបញ្ជាក់ថា គណៈកម្មាធិការអាស៊ាននៅទីក្រុងសេអ៊ូល ACS ត្រូវបានបង្កើតឡើងជាយន្តការសម្រាប់ថ្នាក់ដឹកនាំទូតប្រទេសអាស៊ាន សហការគ្នាក្នុងការជម្រុញសកម្មភាពទាក់ទងនឹងអាស៊ាន នៅក្នុងប្រទេសកូរ៉េ។ គណៈកម្មាធិការនេះ ត្រូវធ្វើការប្តូរវេនប្រធានដឹកនាំរៀងរាល់ ៦ ខែម្តងទៅតាមលំដាប់អក្ខរក្រមនៃបណ្តាប្រទេសអាស៊ានទាំងអស់។