ចែករំលែក ប្រយ័ត្នកាតវ៉ាក់សាំងនៅកូរ៉េ ប្រើលែងបាន! កាតចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូង មានសុពលភាពត្រឹមតែ៦ខែទេ រាប់ពីពេលចាក់វ៉ាក់សាំងកូវីដរួចរាល់មក ដូចនេះត្រូវ…

កូរ៉េខាងត្បូង៖ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅកូរ៉េខាងត្បូង សម្រាប់អាចអនុញ្ញាតឱ្យចូលប្រើប្រាស់ទីតាំងនានាបាននោះ នឹងត្រូវមានសុពលភាពត្រឹមរយៈពេល៦ខែ រាប់ពីពេលចាក់វ៉ាក់សាំងចុងក្រោយប៉ុណ្ណោះ ដែលនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទនេះទៅហើយ បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង។

ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ក្រោមវិធានការគម្លាតសង្គមតឹងតែងថ្មីនេះ អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ២ដូស (សម្រាប់វ៉ាក់សាំងត្រូវការ២ដូស) ឬ១ដូសរួចរាល់ (សម្រាប់វ៉ាក់សាំងត្រូវការ១ដូស) ពីថ្ងៃទី៦ខែកក្កដាឆ្នាំមុន ឬមុននេះទៀត នឹងមិនអាចចាប់ប្រើប្រាស់ទីតាំងនានាដែលតម្រូវឱ្យឆែកមើលកាតចាក់វ៉ាក់សាំងបាននោះទេ ចាប់ពីថ្ងៃចន្ទស្អែកនេះទៅ។

មានន័យថា ពួកគេត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣បន្ថែមទៀត ដើម្បីពន្យារសុពលភាពនៃការប្រើប្រាស់កាតចាក់វ៉ាក់សាំងរបស់ខ្លួន នៅតាមទីតាំងផ្សេងៗដូចជា ភោជនីយដ្ឋាន ហាងកាហ្វេ រោងភាពយន្ត សាលារៀនគួរ និងទីតាំងផ្សេងៗទៀតជាច្រើនតាមការកំណត់របស់អាជ្ញាធរសុខាភិបាលកូរ៉េ។ វិធានការនេះនឹងចាប់អនុវត្តផងដែរនៅតាមទីតាំងផ្សារទំនើប និងហាងលក់បញ្ចុះតម្លៃធំៗដទៃទៀតចាប់ពីថ្ងៃទី១០ ខែមករា ខាងមុខនេះ។

ក្នុងនោះដែរ អ្នកដែលមិនមានកាតចាក់វា៉ក់សាំងដែលមានសុពលភាពដូចបានបញ្ជាក់នេះ អាចធ្វើការបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានកូវីដ ធ្វើតេស្តតាមម៉ាស៊ីនធំ (PCR Test) រយៈពេលក្នុងអំឡុងពេល៤៨​ម៉ោង នៃការប្រើប្រាស់ ដើម្បីអាចចូលទៅទីតាំងដែលទាមទារពិនិត្យកាតចាក់វ៉ាក់សាំងទាំងនេះ។

ក្នុងនោះដែរ ប្រព័ន្ធពិនិត្យកាតចាក់វ៉ាក់សាំងដែលមានសុពលភាពត្រឹម៦ខែនេះ នឹងត្រូវមានរយៈពេលអនុវត្តសាកល្បងរយៈពេល៧ថ្ងៃសិន មានន័យថាអ្នកដែលល្មើស និងបំពាននឹងវិធានការថ្មីនេះ នឹងត្រូវរងការផាកពិន័យចាប់ពីថ្ងៃទី១០ ខែមករាខាងមុខនេះទៅ។

សម្រាប់ប្រព័ន្ធនេះ រដ្ឋាភិបាលកូរ៉េគ្រោងនឹងចាប់ផ្តើមអនុវត្តសម្រាប់ក្រុមអាយុយុវជន ចាប់ពីខែមីនាខាងមុន គឺរយៈពេល១ខែក្រោយចាប់ផ្តើមដំណើរកាលសមសាកល្បងជាមុនសិន។

Leave a Reply

Your email address will not be published.