តុលាការកូរ៉េខាងត្បូង កាត់ក្តីឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង សងជំងឺចិត្តដល់គ្រួសារជនរងគ្រោះម្នាក់ ដែលត្រូវប៉ូលិសកូរ៉េវាយខ្នោះប្រើកម្លាំងជ្រុលពេក រហូតដល់បាត់បង់ជីវិត

កូរ៉េខាងត្បូង៖ តុលាការក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ​បានប្រកាសកាត់ក្តី ឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងចេញសំណងដល់គ្រួសារជនរងគ្រោះម្នាក់ដែលបានបាត់បង់ជីវិត ដោយសារតែរងការវាយខ្នោះមិនប្រណីពីសមត្ថកិច្ចប៉ូលិសកន្លងមក នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងការចុះផ្សាយនេះបានឱ្យដឹងថា តុលាការក្រុងសេអ៊ូលបានចេញការកាត់សេចក្តីតម្រូវឱ្យរដ្ឋប្រទេសកូរ៉េខាងត្បូងត្រូវបង់ប្រាក់សងជំងឺចិត្ត ដល់គ្រួសារជនរងគ្រោះដល់ទៅ ៣២០លានវ៉ុន (ប្រមាណជាង ២៦៩១៦០ដុល្លារ) ដោយសារជនរងគ្រោះដែលជាជនខ្វះសតិ ត្រូវបានសមត្ថកិច្ចប៉ូលិសកូរ៉េចាប់បង្ខំវាយខ្នោះ និងប្រើប្រាស់កម្លាំងធ្វើបាបខ្លាំងរហូតដល់ទៅបាត់បង់ជីវិត។

ករណីឧបដិវហេតុនេះ កើតឡើងកាលពីឆ្នាំ២០១៩ ខែមករាកន្លងទៅ ដែលនៅពេលនោះសមត្ថកិច្ចប៉ូលិស និងក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានគេហៅទៅក្នុងករណីសង្គ្រោះបន្ទាន់មួយ ទៅដល់ផ្ទះជនរងគ្រោះ ដោយសារតែក្រុមគ្រួសារជនរងគ្រោះបានរាយការណ៍ថាជនរងគ្រោះកំពុងធ្វើសកម្មភាពខុសប្លែកពីធម្មតា (អ្នកមានបញ្ហាសតិអារម្មណ៍)។ បុរសជនរងគ្រោះត្រូវបានគេដឹងថា មានបញ្ហាសតិអារម្មណ៍ ហើយនៅពេលកើតហេតុនោះ បានរើបម្រះមិនព្រមទៅមន្ទីរពេទ្យព្យាបាល ហើយបានព្យាយាមរើបម្រះ និងតតាំងជាមួយកម្លាំងសមត្ថកិច្ច ដោយបុរសដែលបាត់បង់សតិនោះ កាន់កាំបិតដល់ទៅ ២ ឬ ៣ដើមឯណោះក្នុងដៃ។

នៅពេលនោះ សមត្ថកិច្ចប៉ូលិសបានប្រើប្រាស់កាំភ្លើងឆក់ដើម្បីបង្ក្រាបជនរងគ្រោះ និងបានសង្កត់ជាប់ទៅនឹងឥដ្ឋកុំឱ្យកម្រើក និងរើបម្រះតទៀត ហើយបានសង្កត់ជាប់អស់ប្រហែលរយៈពេល១០នាទី ដោយបានដាក់ខ្នោះដៃពីក្រោយ និងចងជើងនឹងខ្សែទៀតផង។ ក្រោយមក នៅពេលក្រុមការងារសង្គ្រោះព្យាយាមរើគាត់មកវិញ គាត់បានបាត់បង់ស្មារតីទៅហើយ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែក៏បានបាត់បង់ជីវិតរយៈពេល៥ខែក្រោយមក។

ក្នុងករណីនេះ តុលាការកូរ៉េបានកាត់ក្តីដោយទទួលស្គាល់នូវឥទ្ធិពលនៃសកម្មភាពរបស់ប៉ូលិសនៅថ្ងៃកើតហេតុនោះ ដែលបានប្រើប្រាស់កម្លាំងចាប់បង្ខំហួសហេតុពេក ដែលបង្កឱ្យជនរងគ្រោះឈានដល់បាត់បង់ស្មារតី និងបាត់បង់ជីវិត។ កំណត់ត្រារបស់តុលាការបានបកស្រាយថា «ការដាក់ខ្នោះ និងចងជើងជនរងគ្រោះទៅខាងក្រោយ ក្នុងលក្ខខណ្ឌដែល ជនរងគ្រោះមិនអាចធ្វើសកម្មភាពអ្វីបានទៅហើយនោះ គឺហួសទៅនឹងដែនសមត្ថកិច្ចរបស់កម្លាំងប៉ូលិសដែលបានចែងក្នុងច្បាប់ហើយ»។

Leave a Reply

Your email address will not be published. Required fields are marked *