ដឹងអត់ មន្ត្រីរាជការកូរ៉េខាងត្បូងបានបៀវត្សប៉ុន្មាន? ឆ្នាំ ២០២២ ប្រាក់បៀវត្សប្រចាំឆ្នាំមន្ត្រីរាជការកូរ៉េខាងត្បូងតម្លើងទៀតហើយ ប្រធានាធិបតីកូរ៉េខាងត្បូងបានដល់ទៅ …

កូរ៉េខាងត្បូង៖ ប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន មន្ត្រីថ្នាក់កំពូល និងមន្ត្រីរាជការកូរ់េខាងត្បូង សម្រាប់ឆ្នាំ២០២២នេះ ត្រូវបានគេកំណត់រួចរាល់ហើយ ដោយទទួលបានការអនុញ្ញាតឯកភាពពីក្រសួងជំនាញកូរ៉េខាងត្បូង ជាមួយនឹងផែនការថ្មីក្នុងការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃអង្គារនេះ។

បើតាមផែនការថ្មីដែលទទួលបានការឯកភាពពីរដ្ឋាភិបាលកូរ៉េខាងត្បូង មន្ត្រីរាជការស៊ិវិលកូរ៉េខាងត្បូងនឹងទទួលបានការតម្លើងប្រាក់បៀវត្សរបស់ខ្លួនចំនួន ១.៤% សម្រាប់ឆ្នាំ២០២២ខាងមុខ។ សម្រាប់ថ្នាក់ដឹកនាំកំពូលៗ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំដល់ទៅ ២៤០.៦លានវ៉ុន (ប្រមាណជាង ២០ម៉ឺនដុល្លារ) លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម បូឃ្យ៉ុម នឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំដល់ ១៨៦.៥លានវ៉ុន ខណៈដែលឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំដល់ទៅ ១៤១.១លានវ៉ុន។

សម្រាប់កម្រិតថ្នាក់រដ្ឋមន្ត្រីវិញ នឹងទទួលបានប្រាក់បៀវត្សប្រចាំឆ្នាំដល់ទៅ ១៣៧.‌លានវ៉ុន ខណៈកម្រិតអនុរដ្ឋមន្ត្រីបានប្រាក់បៀវត្សប្រចាំឆ្នាំដល់ទៅ ១៣៣.២លានវ៉ុន។ ក្នុងការតម្លើងប្រាក់បៀវត្សសម្រាប់ឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ់េខាងត្បូងកំពូលៗ រួមមានដូចជាលោកប្រធានាធិបតី នាយករដ្ឋមន្ត្រី នឹងបរិច្ចាគប្រាក់បៀវត្សខ្លួនដែលត្រូវបានតម្លើងនេះ ដើម្បីយកមកចែករំលែក និងចូលរួមរំលែកទុក្ខលំបាកដល់ប្រជាជនដែលរងគ្រោះដោយសារតែវិបត្តិកូវីដ-១៩។ ដូចនេះមានន័យថា ថ្នាក់ដឹកនាំជាន់ខ្ពស់ដែលសុខចិត្តបរិច្ចាគប្រាក់តម្លើងបន្ថែមនេះ នឹងទទួលបានប្រាក់បៀវត្សដូចគ្នាទៅនឹងឆ្នាំ២០២១ដែរ។

សម្រាប់មន្ត្រីរាជការស៊ីវិលធម្មតាវិញ រដ្ឋាភិបាលកូរ៉េខាងត្បូងបានតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំជាបន្តបន្ទាប់ ដោយតាំងពីឆ្នាំ២០១៧មក បានតម្លើងជូន៣.៥% ហើយឆ្នាំ២០១៨ បានតម្លើងប្រាក់បៀវត្សក្នុងកម្រិត ២.៦% ហើយឆ្នាំ២០១៩ បានតម្លើងប្រាក់បៀវត្សចំនួន ១.៨% ឆ្នាំ២០២០ បានតម្លើងប្រាក់បៀវត្សចំនួន ២.៨% និងឆ្នាំ២០២១ នេះ​បានតម្លើងប្រាក់បៀវត្សដល់ ០.៩%។

សម្រាប់កងទ័ពកូរ៉េខាងត្បូងវិញ ប្រាក់បៀវត្សប្រចាំខែបានកើនឡើងដល់ទៅ ១១.១% ដែលមានន័យថាកងទ័ពកូរ៉េខាងត្បូង កម្រិតពលបាល (army sergeant) បានប្រាក់បៀវត្សប្រចាំខែចំនួន ៦៧៦១០០វ៉ុន។ ក្នុងនោះដែរ សម្រាប់វិស័យវេជ្ជសាស្រ្តវិញ រដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានតម្លើងប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់គ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមមន្ទីរពេទ្យសាធារណៈ ដោយតម្លើងពី ៥ម៉ឺនវ៉ុន ក្នុង១ខែ ទៅដល់១០ម៉ឺនវ៉ុនវិញក្នុងមួយខែផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *