នៅសេអ៊ូល ប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីឆ្លងក្នុងសាលារៀនកូនក្មេងតូចៗមានការកើនឡើងខ្លាំង សឹងតែច្រើនជាងមុន ៣ដង បង្កជាបារម្ភខ្លាំង

កូរ៉េខាងត្បូង៖​ ករណីឆ្លងកូវីដ-១៩ ជាចង្កោមមានប្រភពចេញពីតាមស្ថាប័នសិក្សាសម្រាប់កុមារតូចៗនៅសេអ៊ូល ឃើញមានការកើនឡើងគួរឱយកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ បើតាមការបញ្ជាក់របស់អាជ្ញាធរក្រុងសេអ៊ូលនៅថ្ងៃចន្ទនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមព័ត៌មានដែលបានចុះផ្សាយនៅថ្ងៃចន្ទនេះបានឱ្យដឹងថា រដ្ឋបាលក្រុងសេអ៊ូលបាននិយាយថា ឥឡូវនេះមានក្មេងៗដល់ទៅ ២៧០នាក់ហើយនៅសេអ៊ូល ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីសប្តាហ៍មុន ដែលជាការឆ្លងតៗគ្នាចេញពីប្រភពចង្កោមពីសាលារៀនថ្នាក់មត្តេយ្យ កន្លែងមើលថែក្មេងៗតូចៗ និងទីតាំងសាលារៀនដទៃទៀតរបស់ក្មេងៗតូច។

ចំនួនករណីឆ្លងកូវីដ-១៩ តៗគ្នាដែលរកឃើញចេញពីសាលារៀនភាសាអង់គ្លេសមួយកន្លែងនៅភាគខាងត្បូងក្រុងសេអ៊ូល មានដល់ទៅ៧៦ករណី គិតត្រឹមថ្ងៃទី ១៩ ដល់ថ្ងៃទី២៥ ខែធ្នូនេះ​ ខណៈដែលការឆ្លងជាចង្កោមពីរផ្សេងទៀតប្រហាក់ប្រហែលគ្នាត្រូវបានរកឃើញនៅកន្លែងមើលថែកូនក្មេងតូចៗនៅសង្កាត់ដុងចាក និងយ៉ុងដុងប៉ូ ក្រុងសេអ៊ូល ដែលមានដល់ទៅ ៥៨ករណីឆ្លងតគ្នានៅសង្កាត់ដុងចាក និង២៨ករណីឆ្លងតគ្នានៅសង្កាត់យ៉ុងដុងប៉ូ នេះបើតាមការរាយការណ៍របស់អាជ្ញាធរមូលដ្ឋាន។

តួលេខនៃការឆ្លងកូវីដជាចង្កោមក្នុងចំណោមកូនក្មេងតូចៗ ដល់ទៅ២៧០ករណីនេះ គឺមានការកើនឡើងខ្លាំងដល់ទៅ៣ដងឯណោះ ប្រៀបទៅនឹងតួលេខឆ្លងតគ្នាចេញពីសាលារៀនកូនក្មេងកាលពីសប្តាហ៍មុនដែលមានត្រឹមតែជាង ៩០ករណីប៉ុណ្ណោះ។ មែនទែនទៅ ក្រៅពីករណីឆ្លងតៗគ្នាជាចង្កោមចេញពីទីតាំងសាលារៀនកូនក្មេងទាំងនេះ គេក៏រកឃើញអ្នកជំងឺកូវីដ-១៩ ជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងទីតាំងសាធារណៈផ្សេងៗដូចជា មនុស្ស១៤២នាក់ រកឃើញថាបានឆ្លងកូវីដតៗគ្នាចេញពីទីតាំងមន្ទីរពេទ្យ និង៧៨នាក់ត្រូវបានរកឃើញឆ្លងតគ្នាចេញពីក្រុមហ៊ុន និង៣៤នាក់ផ្សេងទៀតរកឃើញឆ្លងតគ្នាចេញពីទីតាំងសាសនាផងដែរ។

យ៉ាងណាមិញ ក្នុងរយៈពេលមួយសប្តាហ៍មុននេះ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ចំនួននៃអត្រាឆ្លងតគ្នាក្នុងទីក្រុងសេអ៊ូល ហាក់មានការថយចុះ ហើយចំនួនអ្នកឆ្លងកូវីដថ្មីជាមធ្យមបានថយចុះមកនៅត្រឹមតែ ២២៥៨.៦នាក់ កាលពីសប្តាហ៍មុន ថយចុះពីសប្តាហ៍មុនមួយទៀតដែលមានចំនួនអ្នកឆ្លងកូវីដជាមធ្យមដល់ទៅ ២៦៨៤នាក់។ តែយ៉ាងណា ចំនួនករណីអ្នកជំងឺកូវីដ-១៩ ដែលបានបាត់បង់ជីវិតនៅសេអ៊ូលបានកើនឡើងពី១៦៣ កាលពីសប្តាហ៍មុនមួយទៀត ឡើងដល់១៧៨ករណី ក្នុងសប្តាហ៍មុននេះវិញ។

សូមបញ្ជក់ថា នៅថ្ងៃចន្ទនេះ ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូងហាក់មានការថយចុះបន្តិច មកនៅត្រឹមតែ៤២០៧ករណី ដែលក្នុងនោះករណីនាំចូលពីក្រៅមានចំនួន៨២ករណី ហើយករណីឆ្លងក្នុងស្រុកមានដល់ទៅ៤១២៥ករណី។ ចំនួននេះហាក់បង្ហាញថាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីឆ្លងកូវីដ-១៩ ថ្មីមានការថយចុះច្រើនជាងមុន តែក៏អាចបណ្តាលមកពីអំឡុងពេលចុងសប្តាហ៍ដែលមានការធ្វើតេស្តតិចជាងថ្ងៃដទៃទៀតផងដែរ។

 

 

Leave a Reply

Your email address will not be published. Required fields are marked *