នៅកូរ៉េខាងត្បូង ក្នុងអំឡុងពេលនៃការផ្ទុះកូវីដ២ឆ្នាំនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលពីគ្រឿងស្រវឹង បែរជាកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ទៅវិញ

កូរ៉េខាងត្បូង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលពាក់ព័ន្ធជាមួយអ្នកបើកបរក្រោមឥទ្ធិពលស្រវឹង នៅកូរ៉េខាងត្បូងមានការកើនឡើងតាំងពីឆ្នាំមុនមក ចំពេលដែលស្ថានការណ៍កូវីដចាប់ផ្តើមវាយលុកខ្លាំងដូចគ្នា នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងាររដ្ឋាភិបាលកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅថ្ងៃសៅរ៍នេះ។

យោងតាមអាជ្ញាធរចរាចរណ៍ផ្លូវគោកកូរ៉េ ចំនួនគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីអ្នកបើកបរមានជាតិស្រវឹង មានការថយចុះក្នុងចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដោយធ្លាក់ចុះពី១៩៧៦៩ ករណី មកត្រឹម ១៥៧០៨ ករណី។ ប៉ុន្តែករណីនេះ បានកើនឡើងខ្លាំងមកវិញ កាលពីឆ្នាំមុនដោយកើនឡើងដល់ទៅ ៩.៨% ក្នុងឆ្នាំ 2020 ដែលមានរហូតដល់ ១៧២៤៧ករណី។

ទីភ្នាក់ងារនេះបាននិយាយថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៩១,៦២២ បានកើតមានឡើង បណ្តាលឲ្យមនុស្សស្លាប់ចំនួន១៨៤៨ នាក់ និងរបួសចំនួន ១៥៤៧៦៣ នាក់ ដែលគិតជាតួលេខ គឺមានគ្រោះថ្នាក់ចរាចរណ៍ទាក់ទងនឹងគ្រឿងស្រវឹងដល់ទៅ ៥០ករណីក្នុងមួយថ្ងៃ។

គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្ថានភាពស្រវឹង​កើតឡើង​ញឹកញាប់​បំផុត​នៅ​ចន្លោះ​ម៉ោង​១០​យប់ ថ្ងៃ​សុក្រ ដល់​ម៉ោង​២​ទៀបភ្លឺ​ថ្ងៃ​សៅរ៍ ហើយ​កើតឡើង​៣១​ភាគរយ​នៅថ្ងៃចុងសប្តាហ៍ ច្រើនជាង​ថ្ងៃ​ធ្វើការ​។

យោងតាមទីភ្នាក់ងារជំនាញនេះ អ្នកបើកបរស្រវឹង ៤៦.២% សឹងតែពាក់កណ្តាល មានអាយុចន្លោះពី ២០ឆ្នាំ ទៅ៣០ឆ្នាំ។ ក្រុមអាយុដែលបង្កគ្រោះថ្នាក់ក្នុងស្ថានភាពស្រវឹង ច្រើនបំផុតគឺអ្នកបើកបរក្នុងវ័យ៣០ ឆ្នាំ ខណៈដែលគ្រោះថ្នាក់ចំនួនធំបំផុតបានកើតឡើងក្នុងចំណោមអ្នកបើកបរក្នុងវ័យ២០ ឆ្នាំ។

ម្យ៉ាងវិញទៀត គ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្ថានភាពស្រវឹង​ ភាគច្រើនគឺកើតឡើងក្នុងទំរង់ជាការប៉ះទង្គិចបុកគ្នា ដោយសារតែឥទ្ធិពលគ្រឿងស្រវឹង ធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ និងចង្កូតរថយន្តក្នុងពេលបើកបរ ហើយអ្នកស្រវឹងភាគច្រើនគឺមិនអាចមានការប្រតិកម្មទៅនឹងស្ថានការណ៍ផ្សេងៗបានទាន់ពេលវេលាដូចអ្នកធម្មតានោះទេ។ បើគិតពីប្រភេទយានយន្តវិញ ភាគរយនៃគ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្ថានភាពស្រវឹង គឺភាគច្រើនជាងគេបង្អស់ជាការប៉ះទង្គិចគ្នារវាងរថយន្តនិងរថយន្ត ដែលមានចំនួនដល់ ៤៦.៦%។

ចំនួនករណីបុកហើយរត់ ក៏កើតមានញឹកញាប់ជាងក្នុងចំណោមគ្រោះថ្នាក់បើកបរក្នុងស្ថានភាពស្រវឹងផងដែរ ព្រោះមានដល់ទៅ ៨.៤% នៃគ្រោះថ្នាក់​ចរាចរណ៍​ក្នុងស្ថានភាពស្រវឹង គឺជាករណីបុកហើយរត់នេះ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ទូទៅ មានករណីបុកហើយរត់ ជាមធ្យមត្រឹមតែ ៣.៥%ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *